(កំពង់ចាម)៖ សាខាកាំកុងត្រូលខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បានចុះរឹបអូសទឹកក្រូចជាច្រើនដប ដែលហួសកាលបរិច្ឆេទ ត្រូវបានរកឃើញដាក់លក់ នៅតាមតូបក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោក ជួន សុជាតិ ជាប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឱកាសនោះក្រុមការងារ របស់លោកក៏បាន ផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារស្ថិតនៅតាមផ្ទះ និងក្នុងផ្សារស្គន់ផងដែរ ដើម្បីបង្កើនការយល់ដឹងកាន់តែខ្លាំង លើបញ្ហាសុវត្ថិភាពចំណីអាហារនេះ។

លោក ជួន សុជាតិ បានថ្លែងថា «នៅក្នុងការចុះពិនិត្យរកទំនិញខូចគុណភាព នៅក្នុងផ្សារស្គន់នេះ យើងបានរកឃើញទឹកក្រូច៥យួរធំ ទឹកក្រូចដបធំចំនួន៨ដប និងអាហារកំប៉ុងមួយចំនួនទៀត»

ជាមួយគ្នានោះ មន្រ្តីជំនាញក៏បានធ្វើតេស្តបឋមទៅម្ហូបអាហារ ដូចមី នំបញ្ចុក មឹក បង្គារ តែរកមិនឃើញមានសារធាតុ Boraxទេ។ លោកប្រធានសាខា បានបន្តថា ក្រោយពីការរឹបអូសបាន ទំនិញខូចគុណភាព ដែលដកហូតពីអាជីវករ លក់ដូរ មន្រ្តីកាំកុងត្រូលនឹងយក ទៅកំទេចចោលនាពេលខាងមុខ។  ជាមួយគ្នានោះដែរ មន្ដ្រីកាំកុងត្រូល ក៏បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាល មកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការ ដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។ លោកបានអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់៕