(ពោធិ៍សាត់)៖ ប្រទះឃើញសពបុរសម្នាក់ ក្នុងបឹងត្រពាំង សង្ស័យករណីខ្យល់គ បង្កការភ្ញាក់ផ្អើល នៅព្រឹកទី១៣ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចបឹងត្រពាំងម្នាង ស្ថិតក្នុងភូមិត្រង់ ឃុំស្រែស្តុក ស្រុកកណ្តៀង។ លោក លីវ សេងហ៊ីម អធិការនគរបាល ស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះដែលលង់ទឹកស្លាប់ សង្ស័យករណីខ្យល់គនោះ ឈ្មោះ វិន ធីន អាយុ៤៨ឆ្នាំ។

លោកអធិការបានបន្តថា បើតាមការរៀបរាប់ ឲ្យដឹងពីកូនជនរងគ្រោះថា មុនពេលកើតហេតុខ្លួន បានជិះកាណូតទៅបាចជីស្រូវ ហើយមានបុរសម្នាក់ឈ្មោះ ជឹម ឃ្នី បានហៅឲ្យមកមើល និងលើកសាកសពឳពុករបស់ខ្លួន ដាក់ក្នុងកាណូតយកទៅផ្ទះ ខណៈដែលបុរសម្នាក់នោះ ទៅលើកលបនៅចំណុចកើតហេតុ ហើយបានប្រទះឃើញជនរងគ្រោះ ដេកស្លាប់ក្នុងទឹក។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ស្រែស្តុក បានទៅដល់ផ្ទះជនរងគ្រោះ  បានពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យសង្ស័យនោះទេ ហើយបានដាក់ការសន្និដ្ឋានថា លង់ទឹកស្លាប់ដោយសារជំងឺខ្យល់គ។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕