(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានសំណូមពរដល់គណៈប្រតិភូចិន ក្នុងការជម្រុញអ្នកវិនិយោគ ដើមី្បធ្វើការអភិវឌ្ឍន៍ និងការពង្រីកទីក្រុងរណប ដើមី្បធ្វើការពង្រីកនូវ ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ក្នុងនោះដោយផ្តោតខ្លាំងលើ វិស័យទេសចរណ៍ ដូចជាសណ្ឋាគាធំៗ ផ្សារទំនើប ភោជនីយដ្ឋាន ព្រមទាំងរៀបចំទីតាំងពិពណ៌ ត្រីទន្លេសាបនៅទន្លេសាបជាដើម។

លោក ឃឹម ប៊ុនសុង  បានលើកឡើងបែបនេះខណៈលោក និងក្រុមការងារ បានជួបសំណេះ សំណាល និងពិភាក្សាការងារជាមួយប្រតិភូខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក  វ៉ាង រុង ( H.E Mr Wang Rong ) ប្រធានសភាប្រឹក្សានយោបាយប្រជាជនខេត្តក្វាងទុង នៅ រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នេះ ។

ជាមួយគ្នានោះដែរ លោក ឃឹម ប៊ុនសុង  បានសំណូមពរដល់ប្រតិភូជួយ ធ្វើការជម្រុញនូវទីផ្សារក្រពើនៅកម្ពុជា សំខាន់ខេត្តសៀមរាប ដែលជាខេត្តសម្បូរកសិដ្ឋានចិញ្ចឹមក្រពើ ដោយបច្ចុប្បន្នទីផ្សារក្រពើត្រូវ បានកំណត់ថ្លៃដោយឈ្មួញកណ្តាល ។

ជាការឆ្លើយតប គណៈប្រតិភូខេត្តក្វាងទុងនៃប្រទេសចិន ក៏បានលើកឡើងពីគោលបំណងរបស់ខ្លួន ក្នុងនាមជាខេត្ត សម្ព័ន្ធមេត្រីភាពជាមួយ ខេត្តសៀមរាប តែងតែមានការទំនាក់ទំនង និងសហប្រតិបត្តិការល្អនឹងគ្នា ហើយនឹងបន្តសម្ព័ន្ធមេត្រីភាព អោយរឹតតែប្រសើរឡើងថែមទៀត ។

ក្នុងនោះដែរគណៈប្រតិភូ បានផ្តោតទៅលើវិស័យទេសចរណ៍ កសិកម្ម និងវិស័យវិនិយោគ នៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ដែលជាខេត្តមានសក្តានុពល យ៉ាងខ្លាំងលើវិស័យ។
គណៈប្រតិភូចិន បានសន្យាថានឹងជម្រុញអ្នកទេសចរ អ្នកវិនិយោគ និងស្ថានប័ននានាក្នុងខេត្តក្វាងទុង អោយសិក្សា និងអភិវឌ្ឍន៍ ព្រមទាំងវិនិយោគនៅខេត្តសៀមរាបអោយការកាន់តែច្រើនឡើង៕