(ភ្នំពេញ)៖ ក្រៅពីចុះកិច្ចព្រមព្រៀងទិញអង្ករពីកម្ពុជា២០ម៉ឺនតោនក្នុងមួយឆ្នាំ, លោក ស៊ី ជីនពីង ប្រធានាធិបតីនៃប្រទេសមហាសេដ្ឋកិច្ចនៅអាស៊ី បានថ្លែងកោតសរសើរ​អង្ករកម្ពុជាថា «មានរសជាតិឆ្ងាញ់» ការថ្លែងកោតសរសើរនេះធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សារវាងសម្តេចតេជោ និង លោក ស៊ី ជិនពីង នៅវិមានសន្តិភាពថា «ឯកឧត្តមប្រធានាធិបតីចិន បានទទួលទានអាហារបាយ អង្ករកម្ពុជាហើយ មានរសជាតិឆ្ងាញ់ណាស់ ក្នុងន័យនេះឯកឧត្តម សូមលើកទឹកចិត្ត និងស្ថាប័នពាក់ព័ន្ធ សហការគ្នាដើម្បីធ្វើយ៉ាងណាជំរុញលើកតម្កើនអង្ករកម្ពុជាយើង ទៅកាន់ប្រទេសចិន»

សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកប្រធានាធិបតីចិន ស៉ី ជីនភីង នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងរវាងកម្ពុជា-ចិន ដោយប្រទេសចិន ឲ្យកម្ពុជានាំចេញអង្ករចំនួន២០ម៉ឺនតោនក្នុង១ឆ្នាំៗ។

ការចុះហត្ថលេខា នៃអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន Green Trade កម្ពុជា និងក្រុមហ៊ុន COFCO ចិន ស្តីពីការនាំចេញអង្ករ ចំនួន២០ម៉ឺនតោន ធ្វើឡើងរវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក Zhao Shuanglian ប្រធានក្រុមហ៊ុន COFCO នៅវិមានសន្តិភាព។

ប្រទេសចិនជាទីផ្សារដ៏សំខាន់សម្រាប់អង្ករកម្ពុជា បន្ទាប់ពីទីផ្សារអឺរ៉ុប។ ជាក់ស្តែងនៅរយៈពេល៩ខែ ឆ្នាំ២០១៦នេះ កម្ពុជាបាននាំចេញអង្ករ បានជាង៣៦ម៉ឺនតោន ក្នុងនោះប្រទេសចិន បាននាំចូលអង្ករបស់កម្ពុជាច្រើនជាងគេ ចំនួន ៦៤,៦៩៩តោន៕