(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣១ នៅវិមានសន្តិភាពនៅល្ងាចនេះរួចមក នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន ជាមួយព្រះមហាក្សត្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅឯព្រះបរមរាជវាំង។

លោក ស៊ី ជិនពីង បានមកដល់ព្រលានយន្តហោះភ្នំពេញ ប្រទេសកម្ពុជា នៅម៉ោងប្រមាណ ១២៖០០នាទីថ្ងៃត្រង់ ដើម្បីធ្វើទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់លោក ក្នុងនាមលោកប្រធានាធិបតី រយៈពេល ២ថ្ងៃ ដែលទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៤ ខែតុលា ឆ្នាំ២០១៦។

ខណៈដែលមកដល់ប្រទេសកម្ពុជាភ្លាមៗ នៅថ្ងៃនេះ លោកប្រធានាធិបតីចិន និងគណៈប្រតិភូជាន់ខ្ពស់ចិន បានទៅសម្រាកបន្តិចនៅឯសណ្ឋាគារលំដាប់ផ្កាយ៥ អ៉ីនខនធីនិនថល ហើយបន្ទាប់មកលោកក៏ទៅចូលគាល់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ នៅឯព្រះបរមរាជវាំង។ លោក ស៊ី ជិនពីង ក៏បានទៅគោរពវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរនៅវិមានឯករាជ្យ មុននឹងលោកចូលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន និង ធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង និងពិធីសារនៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង មកកាន់ប្រទេសកម្ពុជាលើកនេះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ « ដំណើរទស្សនកិច្ចរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង គឺមានសារសំខាន់ខ្លាំងណាស់ នៅក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសយើងជាបងប្អូនទាំងពីរកម្ពុជា-ចិន»