(ភ្នំពេញ)៖ អ្នកប្រើប្រាស់គ្រឿងញៀនចំនួន១២នាក់ ក្នុងនោះស្រីម្នាក់ រួមទាំងឧបករណ៍សេពថ្នាំញៀន ត្រូវបានកម្លាំងនៃអធិការដ្ឋាននរគបាលខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ក់ ហុង អធិការខណ្ឌ បានបង្ក្រាបដើម្បីរក្សាសន្តិសុខក្នុងមូលដ្ឋាន នៅរសៀលម៉ោង៣៖៣០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅខាងមុខមន្ទីរពេទ្យព្រះកុសុមៈ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្រ្តីនគរបាលបានប្រាប់ថា ក្រោយទទួលបានបញ្ជាពីលោក ម៉ក់ ហុង កម្លាំងបានចុះបង្ក្រាបទីតាំងខាងលើនេះចំនួន១២នាក់ ក្នុងនោះមានស្រីម្នាក់ ដកហូតបានឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងថ្នាំញៀន យ៉ាម៉ាពណ៌ផ្កាឈូក២ទៅ៣គ្រាប់។

បច្ចុប្បន្នជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវកម្លាំងនាំទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននរគបាលខណ្ឌសែនសុខ ដើម្បីត្រួតពិនិត្យទឹកនោម សាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕