(ភ្នំពេញ)៖ នាព្រឹកថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៦ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងស្តាប់យោបល់សមាជិកសកម្ម ស.ស.យ.ក. ទាំង៦៦ ភូមិ នៃសង្កាត់ទាំង៨ របស់ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ។

ជាមួយនឹងការថ្លែងអំណរគុណ និងកោតសរសើរ ដល់ ស.ស.យ.ក.រាជធានីភ្នំពេញ និងស.ស.យ.ក. ខណ្ឌក្នុងការផ្តួចផ្តើមគំនិតថ្មីៗ និងច្នៃប្រឌិតខ្ពស់ក្នុងការដឹកនាំ សកម្មភាពសង្គមកន្លងមក លោកបានផ្សព្វផ្សាយអំពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាលស.ស.យ.ក.កន្លងទៅ ដែលបានផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការងារពង្រឹង និងពង្រីក រចនាសម្ព័ន្ធស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ទាំងបរិមាណ និងគុណភាព។

លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានលើកឡើងផងដែរ នូវបំណងប្រាថ្នារបស់លោក ដែលចង់ឃើញ សមាជិក សមាជិកា ស.ស.យ.ក. នៅគ្រប់រាជធានី-ខេត្ត និងវិស័យនានា រួបរួមគ្នាជាមហាគ្រួសារតែមួយ ទោះនៅទីណាក៏ដោយ ហើយសមាជិក សមាជិកា ម្នាក់ៗយល់ច្បាស់លាស់ អំពីបុព្វហេតុរួមរបស់ ស.ស.យ.ក. ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានអំពាវនាវសូមឱ្យសមាជិក សមាជិកាទាំងអស់ ចូលរួមក្នុង «ចលនាពលរដ្ឋល្អ» ក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខ ជាពិសេសចាប់ផ្តើមពីការចុះឈ្មោះបោះឆ្នោត និងកៀរគរសមាជិកក្រុមគ្រួសារទៅចុះឈ្មោះបោះឆ្នោត។ លោកក៏បានផ្តល់វេទិកាជូនដល់សមាជិក សមាជិកា នៃអង្គពិធីចូលរួមមតិយោបល់ និងសាកសួរសំណួរផងដែរ៕