(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ចុះដោះស្រាយបញ្ហាមួយចំនួនធំ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ រួសរាន់នាំគ្នាទៅធ្វើអត្តសញ្ញាណប័ណ្ណ ឱ្យបានគ្រប់គ្នា។

សកម្មភាពចុះជួយប្រជាពលរដ្ឋដល់មូលដ្ឋាននេះ ក៏មានការចូលរួមពី លោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ ជាមួយប្រជាពលរដ្ឋ ជិត៨០០នាក់ ផងដែរ។

ឆ្លៀតពេលដ៏ល្អនេះ លោក ស ថាវី ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំង២ តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង។

លោក ស ថាវី បានបន្តថា «ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាចោលទេ តែថាហើយគឺត្រូវតែធ្វើឱ្យបាន»។ លោកក៏បានជំរុញឱ្យប្រជាពលរដ្ឋ ដែលមិនទាន់ធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី ឱ្យរួសរាន់នាំគ្នាទៅធ្វើឱ្យបានគ្រប់គ្នា។

អមជាមួយការចុះសំណេះសំណាលនេះ ក្រុមការងារក៏បានដោះស្រាយនូវ បញ្ហាកង្វល់មួយចំនួនធំ ដូចជាផ្លូវថ្នល់  សាលារៀន និងទីវត្តអារាមជាដើម ជូនប្រជាពលរដ្ឋ ហើយមួយចំនួនទៀតនឹងពិភាក្សាទៅតាមលទ្ធភាព នាពេលក្រោយទៀត៕