(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយត្រង់ៗថា បណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក គឺជាអ្នកទទួលខុសត្រូវចំពោះស្ថានភាព នៅក្នុងប្រទេសស៊ីរី និងមជ្ឈិមបូព៌ា នាពេលបច្ចុប្បន្ន ហើយលោកថែមទំាងបានចាត់ទុក ការចោទប្រកាន់ មកលើទីក្រុងមូស្គូ ទាក់ទិននឹង ការប្រពឹ្រត្តិបទឧក្រិដ្ឋសង្រ្គាម នៅក្នុងទីក្រុងអាឡេប៉ូ គ្រាន់តែជាវោហាសាស្ត្រនយោបាយប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍បារាំង TF1 លោកពូទីនបានលើកឡើងថា «នេះគ្រាន់តែ ជាវោហាសាស្ត្រនយោបាយ ដែលមិនមានន័យអ្វីទាល់តែសោះ និង មិនបានគិតគូរពីស្ថានភាពជាក់ស្ដែង នៅស៊ីរីនោះទេ។ ខ្ញុំពិតជាចង់ឱ្យអ្នកទំាងអស់គ្នាដឹងថា ដៃគូលោកខាងលិចរបស់យើង ពិសេស សហរដ្ឋអាមេរិកគឺជា អ្នកទទួលខុសត្រូវលើស្ថានភាពនៅស៊ីរី និងវិបតិ្តនៅក្នុងមជ្ឈិមបូព៌ាទំាងមូល  ជាឧទាហរណ៍ អ៊ីរ៉ាក់ និង លីប៊ី តើស្ថានភាពនៅមុននិងក្រោយអន្តរាគមយោធា ពីបណ្ដាប្រទេស លោកខាងលិចខុសគ្នាយ៉ាងដូចម្ដេច? ពោល គឺប្រទេសទំាងពីរត្រូវបានបំផ្លាញដោយសារ តែអន្តរាគមន៍របស់ពួកគេ»

ដោយឡែក ពាក់ព័ន្ធនឹងការលុបចោលដំណើរទស្សនកិច្ច ទៅកាន់ប្រទេសបារំាង លោកពូទីន បានបញ្ជាក់ថា លោកមិនបានបដិសេធដំណើរទស្សនកិច្ចនោះទេ ដោយលោកអះអាងថាពេលវេលា មិនសាកសម។ យ៉ាងក៏ដោយការលុបចោលដំណើរទស្សនកិច្ចនេះ អាចមានជាប់ពាក់ព័ន្ធនឹង ការទាត់ចោលដំណោះស្រាយបទឈប់បាញ់របស់ ទីក្រុងប៉ារីស ស្ដីពីស៊ីរី ពីសំណាក់ទីក្រុងមូស្គូ និង បន្ទាប់ពីការធ្វើអត្ថាធិប្បាយ រួមទាំងសញ្ញាណមិនស្វាគមន៍របស់ប្រធានាធិបតីបារាំង៕