(ស្ទឹងត្រែង)៖ យាយព្រឿង ជនជាតិវៀតណាម ដែលជាឈ្មួញឈើដ៏ធំប្រចាំភូមិភាគឦសាន្ត និងមានទីតាំងស្តុកឈើជាច្រើនកន្លែង នៅក្នុងខេត្តស្ទឹងត្រែង ត្រូវបានកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួនបានហើយ នៅវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅក្នុងបរិវេណសង្កាត់ រដ្ឋបាលព្រៃឈើអូរពងមាន់ ខេត្តស្ទឹងត្រែង ។

ប្រតិបត្តិការតាមចាប់មេឈ្មួញឈើខាងលើនេះ បន្ទាប់ពីគាត់ បានយករថយន្ត២គ្រឿង និងកម្មករ៧នាក់ មករំដោះឈើ ដែលសមត្ថកិច្ចបង្ក្រាបចាប់ ហើយនាំយកមករក្សាទុក នៅក្នុងសង្កាត់រដ្ឋបាលព្រៃឈើ អូរពងមាន់នោះ ។

គួរបញ្ជាក់ថា កាលពី ម៉ោង១២និង៣០នាទី ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កម្លាំងក្រុមការងារ ស្រាវជ្រាវ ព័ត៌មាន និងបង្ក្រាបព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ រកឃើញគំនរឈើដ៏ច្រើន ត្រូវបានគេយកទៅលាក់ទុកនៅក្នុងដីចម្ការ ស្ថិតក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងថា ឈើទាំងនោះ ជាប្រភេទឈើប្រណីត ដែលមានចំនួនដ៏ច្រើន ត្រូវបានក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ សហការជាមួយរដ្ឋបាលព្រៃឈើ ដឹកជញ្ជូនឈើទាំងនោះ យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់តាំងពីរសៀលថ្ងៃទី១២ ខែតុលា រហូតដល់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ទើបរួចរាល់ ដែលឈើទាំងនោះ មានចំនួន៦ឡានសាំយ៉ុង និង៦ឡានបែន ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស យកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើ អូរពងមាន់ ស្រាប់តែនៅវេលាម៉ោង៤ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក៏មានវត្តមានយាយព្រឿង ថៅកែឈ្មួញឈើល្មើសច្បាប់ ជាមួយកម្មករ៧នាក់ និងរថយន្ត២គ្រឿង ១គ្រឿងម៉ាកបាឡែន ពណ៌ស និងមួយគ្រឿងទៀតម៉ាកសាំយ៉ុង ចូលមករំដោះឈើ និងឡោមព័ទ្ធមកលើកងកម្លាំង ដែលកំពុងយាមឈើនៅក្នុងទីតាំងនោះថែមទៀត ។

សមត្ថកិច្ចបានឃាត់ខ្លួន យាយ ព្រឿង ក្នុងបទល្មើសជាក់ស្តែង មករំដោះឈើនៅក្នុងបរិវេណរដ្ឋបាលព្រៃឈើ សង្កាត់អូរពងមាន់ ដោយឡែក កម្មករ៧នាក់ ត្រូវបានរត់គេចខ្លួនពីកន្លែងកើតហេតុ ។

មួយរយៈកន្លងទៅនេះ ក្រុមការងារស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបំពេញការងារ ដោយចុះស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើ ដូចជាករណី ឈើជាច្រើនកំណាត់នៅក្នុងដីចម្ការ ស្ថិតនៅក្នុងភូមិ ឃុំ ស្រែក្រសាំង ស្រុកសៀមបូក គឺឈ្មួញយាយ ព្រឿង នេះតែម្តង បានយកទៅលាក់ទុកស្ទើរតែគ្រប់ទីកន្លែង ដែលធ្វើឲ្យសមត្ថកិច្ចពិបាកក្នុងការរុករក។ នៅពេលនេះឈ្មួញរកសីុឈើជនជាតិវៀតណាមរូបនេះ ស្ថិតក្រោមការសួរនាំ ពីកម្លាំងអាវុធហត្ថដើម្បីចាត់ការបន្តតាមនីតិវិធី៕