(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់នៅថ្ងៃទី១២ ខែតុលានេះថា ដោយសារតែឥទ្ធិពលនៃសម្ពាធទាប និងប្រព័ន្ធសម្ពាធទាប បាននឹងកំពុងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ស្ទើរទូទាំងប្រទេស និងបានបង្កជាជំនន់ទឹកភ្លៀងជាបន្ដបន្ទាប់ នៅខេត្តចំនួន៦គឺ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។

បើតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានចេញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «ភ្លៀងនឹងនៅតែបន្ដធា្លក់រាយប៉ាយ ក្នុងបរិមាណច្រើនបន្ថែមទៀត ពិសេសនៅតំបន់ខ្ពស់រាប និងតំបន់ទំនាបកណ្ដាលភាគខាងជើង ចាប់ពីថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០១៦​ ហើយបន្ដធ្លាក់ខ្លាំងទូទាំងប្រទេស ចាប់ពីថ្ងៃទី១៤-១៧ ខែតុលាខាងមុខនេះ»

ជាមួយគ្នានេះ ដែរក្រសួងធនធានទឹក សូមធ្វើការអំពាវនាវ ឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះជំនន់ទឹកភ្លៀង ដែលអាចកើតមានឡើង៕