(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីចិន មកកាន់កម្ពុជាលើកនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍មួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលបានសរសេរ និងលើកឡើងជាសំណួរថា «ហេតុអ្វីបានជា លោក សាយ សំអាល់ រដ្ឋមន្រ្តីវ័យក្មេងបំផុតរបស់កម្ពុជា ត្រូវបានចាត់តាំងជារដ្ឋមន្រ្តីអមប្រធានាធិបតីចិន?» មានន័យថា រដ្ឋមន្រ្តីខ្មែរអាយុ ៣៦ឆ្នាំ ត្រូវបានអមដំណើរជាប់ជាមួយប្រធានាធិបតី អាយុ ៦៣ឆ្នាំ។

នៅក្នុងហេ្វសប៊ុករបស់ លោក ពុយ គា (អ្នកកាសែត) នៅថៃ្ងពុធនេះបានលើកឡើងនូវសំណួរខាងលើ ហើយក៏ទទួលបានចម្លើយមួយចំនួនពីអ្នកលេងហេ្វសប៊ុកដូចគ្នា ដោយឆ្លើយថា មកពីម្នាក់ ៣៦ និងម្នាក់ទៀត៦៣ បូកទៅ ៩ ដូចគ្នាជាលេខនាំមកនូវសំណាង រីឯអ្នកខ្លះទៀតថា មកពី លោក សំអាល់ ចេះនិយាយភាសាចិន ។ល។ ប៉ុន្តែសម្រាប់ពលរដ្ឋខែ្មរទូទៅ ហាក់ដូចជារំពឹងចង់ដឹង ថាតើប្រធានាធិបតីរូបនេះ នឹងមានការដូអ្វីខ្លះដល់កម្ពុជា? ហើយបើគិតជាទឹកប្រាក់វិញមានទំហំប៉ុន្មាន?

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ លោក ស៊ី ជីនពីង លើកទី១ ក្នុងឋានៈជាអនុប្រធានាធិបតីចិន បានមកទស្សនកិច្ចនៅកម្ពុជា កាលពីឆ្នាំ២០០៩ លោក ស៊ី បានសន្យាផ្តល់ជំនួយដល់កម្ពុជា រហូតដល់១.២ ពាន់លានដុល្លារអាមេរិក។

តាមព័ត៌មានក្រៅផ្លូវការបានឱ្យដឹងថា កិច្ចព្រមព្រៀងនិងឯកសារផេ្សងៗទៀត ដែលត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន មកកាន់កម្ពុជាលើកនេះ បានកើនពីចំនួន២៨ ទៅដល់ចំនួនជិត ៤០ អាចនឹងជាប់ឯកត្តកម្មលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា៕