(តាកែវ)៖ ថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ប្រចាំនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតថ្លែងអំណរគុណ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា  និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានដាក់បញ្ចូលមន្រ្តីរាជការ១០រូប ឲ្យក្លាយជាមន្រ្តីរាជការពេញ​ក្របខណ្ឌ នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តតាកែវ តាមផ្លូវច្បាប់។

លិខិតថ្លែងអំណរគុណនោះ បានបញ្ជាក់ឲ្យដឹងថា «យើងខ្ញុំជាថ្នាក់ដឹកនាំមន្ទីរ និងមន្ដ្រីជាប់កិច្ចសន្យាទាំង១០រូប សូមសម្ដែងនូវការគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ​ លោក​ទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម ដែលបានយកចិត្តទុកដាក់ដល់មន្ដ្រីកិច្ចសន្យា ដែលទទួលបានក្របខ័ណ្ឌជា មន្ដ្រីរាជការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ យើងខ្ញុំទាំងអស់គ្នា សូមបេ្ដជ្ញាចិត្តខិតខំ បំពេញភារកិច្ច និងបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋឲ្យបាន ល្អប្រសើរ និងមានប្រសិទ្ធិភាព ហើយមហាគុណដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាចងចាំ និងមិនអាចបំភ្លេចបាន»។​

គួរបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ មានមន្រ្តីចំនួន៨នាក់ ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌមន្រ្តីជាប់កិច្ចសន្យា នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពង់ចាម, មន្រ្តីចំនួន៨នាក់ទៀត ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌមន្រ្តីជាប់កិច្ចសន្យា នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ និងចំនួន៦នាក់ ត្រូវបានដាក់បញ្ចូលក្នុងក្របខណ្ឌមន្រ្តីជាប់កិច្ចសន្យា នៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកណ្តាល៕