(បាងកក)៖ អ្នកនំាពាក្យរដ្ឋាភិបាលថៃលោក Sansern Kaekamnerd បានថ្លែងនៅមុននេះបន្តិចថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា ដែលទើបតែត្រឡប់ភ្លាមៗ តាមឧទ្ធម្ភាគចក្រពីខេត្ត Chon Buri នោះ នឹងមិនចេញសេចក្តីថ្លែងការណ៍បន្ទាន់អ្វីឡើយនៅថ្ងៃនេះ ហើយប្រជាជនថៃទាំងអស់ មិនគួរមាន ភាពតក់ស្លុត ឬ ក៏ជឿលើពាក្យចចាមអារ៉ាម តាមបណ្តាញសង្គមនោះឡើយ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មានថៃ Nation នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

សារព័ត៌មានថៃមួយចំនួន និង មតិតាមបណ្តាញសង្គមជាច្រើន បានលើកឡើងពីការព្រួយបារម្ភ និង ស្ថានភាពនៃព្រះរាជសុខភាពរបស់ព្រះមហាក្សត្រថៃ ដែលកាន់តែដុនដាប ហើយមានព័ត៌មាន ជាច្រើនទៀត ដែលបានធ្វើឲ្យសាធារណជនភ័ន្តច្រឡំ។ លោក Sansern បានបញ្ចប់ទស្សនកិច្ចនៅ ខេត្ត Chon Buri ជាបន្ទាន់នៅថ្ងៃនេះ ដើម្បីត្រៀមចូលគាល់ ព្រះរាជបុត្រា Maha Vajiralongkorn៕