(បាងកក)៖ គ្រាន់តែព្រះរាជសុខភាពរបស់ព្រះមហាក្សត្រថៃ ប្រែក្លាយទៅជាដុនដាបខ្លាំង នៅរយៈពេលបីថ្ងៃនេះ ស្ថានភាពសេដ្ឋកិច្ចថៃ ក៏ហាក់ចាប់ផ្តើមជួបប្រទះ បញ្ហាជាបណ្តើរៗដែរ ដូចជាការធ្លាក់ចុះនូវតម្លៃប្រាក់បាត នៅថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅមុននេះបន្តិច នាល្ងាចថ្ងៃពុធ។

គិតត្រឹមម៉ោង ២៖៤៥នាទីរសៀលថ្ងៃពុធ នេះលុយបាតថៃ បានធ្លាក់ចុះតម្លៃ ១.១ភាគបន្ថែមទៀត ធៀបនឹងលុយដុល្លារអាមេរិក ដែលជាការធ្លាក់ចុះមួយកម្រិតទៀត ក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច៣ឆ្នាំមកនេះ។ តម្លៃប្រាក់បាត បានធ្លាក់ចុះខ្លាំងចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុននេះមក គឺក្រោយពេលតែបន្តិចប៉ុណ្ណោះ ដែលរាជវាំងថៃ បានប្រកាសថា ព្រះរាជសុខភាពរបស់ ព្រះបាទ ភូមិបុល អាប់ឌុល យ៉ាដេត កំពុងតែស្ថិតនៅក្នុងស្ថានភាពមិននឹងនរ។

យោងតាមការផ្សាយពីសារព័ត៌មាន ស៊ិនហួរ វិញ ព្រះរាជវង្សានុវង្សថៃទាំងអស់ បាននិងកំពុងវិលត្រឡប់មកពីបរទេស និងតាមបណ្តាខេត្តនានាទូទាំងប្រទេសថៃ សំដៅមកកាន់ទីក្រុងបាងកក ដើម្បីចូលទៅក្រាកបង្គំគាល់ ព្រះមហាក្សត្រ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈមហាវិថីធំៗនៅទីក្រុងបាងកក ក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ។

គួរបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មាន លើកទី៣៧ របស់ការិយាល័យនៃរាជវាំងថៃ នៅថ្ងៃពុធនេះថា ព្រះមហាក្សត្រ ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការលាងឈាម និងផ្តល់ថ្នាំជាប្រចាំដើម្បីបន្ថយសម្ពាធឈាម របស់ព្រះអង្គ៕