(ក្រចេះ)៖ ករណីចោរប្លន់ម៉ូតូមួយ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ ដោយជនមិនស្គាល់មុខម្នាក់ បានវាយដណ្ដើមម៉ូតូ ពីនារីរងគ្រោះ ជិះរត់ទៅដោយសុវត្ថិភាព និងទម្លាក់ម៉ូតូកញ្ចាស់១គ្រឿង ទុកចោលត្រង់កន្លែងកើតហេតុ ស្ថិតក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ ហ៊ួ ចន្រ្ទា អាយុ១៩ឆ្នាំ មុខរបរជាអ្នកលក់សាំង នៅផ្លូវបំបែកខ្លាស្ទុះ។ មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាក់ Hongda dream ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ផ្លាក់លេខ ក្រចេះ 1A-9295 ជិះទៅធ្វើការដូចសព្វដងលុះដល់ ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យម្នាក់បានជិះម៉ូតម៉ាក សង់កូរ៉េ ដេញតាមពីក្រោយដៃកាន់ដំបងឫស្សី ហើយវាយក្បាល នាងមួយដំបង ធ្វើឲ្យបែកមួកសុវតិ្ថភាពដួលទៅលើផ្លូវ។

ជនរងគ្រោះបានបន្តថា ក្រោយពីនាងបានដួលខ្ទាតចេញម៉ូតូហើយ ជនសង្ស័យក៏ទម្លាក់ម៉ូតូកញ្ចាស់របស់ខ្លួនចោល ហើយស្ទុះទៅលើក យកម៉ូតូរបស់នាង ជិះរត់ទៅបាត់ស្រមោលឈឹង។ ក្រោយពីកើតហេតុ នាងនិងក្រុមគ្រួសារ បានទៅដាក់ពាក្យបណ្ដឹង នៅសាលាសង្កាត់ អូរឫស្សី ដើម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញាតាមចាប់ខ្លួនជនសង្ស័យ យកម៉ូតូមកវិញ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបាននិងកំពុងតាម ស្វែងរកជនបង្ក ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕