ដោយ៖ ឯកឧត្តម ​ស៊ី ជីន​ភីង ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

(ភ្នំពេញ)៖ ​ដោយ​តប​តាម​សេចក្តី​អញ្ជើញ​របស់​ ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​ម្ពុ​ជា ខ្ញុំ​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា​។ នេះ​ជា​លើកដំបូង​ដែល​ខ្ញុំ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ តាំងពី​ខ្ញុំ​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ចិន​មក​។ ដូច្នេះ​ខ្ញុំ​ពោរពេញ​ទៅដោយ​ការរំពឹងទុក​ចំពោះ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​។​

ប្រទេស​កម្ពុជា​ គឺជា​តំបន់​ដ៏​សំខាន់​នៅតាម​ផ្លូវ​សូត្រ​លើ​សមុទ្រ​នា​សម័យបុរាណ ហើយ​ប្រកបដោយ​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ត្រចះត្រចង់​ និង​យូរអង្វែង ក៏ដូចជា​វប្បធម៌​ខ្មែរ​ដែល​ប្រកបដោយ​លក្ខណៈពិសេស​។ ប្រជាជន​កម្ពុជា​ដែល​ប្រកបដោយ​ភាព​ឧស្សាហ៍​ព្យាយាម​ និង​មាន​ប្រាជ្ញា​ឈ្លាសវៃ​ដោយបាន​កសាង​អង្គរវត្ត​ ដែលជា​អច្ឆរិយវត្ថុ​ដ៏​មាន​កម្លាំង​ទាក់ទាញ សំណង់​ដ៏​មហិមា​ និង​ចម្លាក់​លៀន​ក៏ដូចជា គំនូរ​ជញ្ជាំង​ដ៏​ល្អ​ប្រណីត​បានធ្វើ​ឲ្យ​អ្នកផង​កោត​ស្ងប់​ស្ងែ​ង​យ៉ាងខ្លាំង​ ដែល​បាន​បន្សល់ទុក​នៅ​ទំព័រ​មិនចេះ​សាបសូន្យ ​នៃ​ប្រវត្តិសាស្ត្រ​អរិយធម៌​របស់​មនុស្ស​ជាតិ​។ ក្រោយពី​បាន​ឈានចូល​សតវត្សរ៍​ទី​២១ បុព្វហេតុ​កសាង​ប្រទេសជាតិ ​របស់​ប្រទេស​កម្ពុជា​បាន​ឈាន​ឡើងដល់​កម្រិត​ថ្មី​ឥតឈប់ឈរ ហើយ​កម្រិត​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក៏ត្រូវ​បាន​លើកកម្ពស់​ជា​បន្តបន្ទាប់​ផងដែរ ដូច្នេះ​អនាគត​របស់​ប្រទេស​កម្ពុជា​គឺ​គួរ​ជាទី​រំពឹងទុក​។​

​ប្រទេស​ចិន ​និង​ប្រទេស​កម្ពុ​ជា មាន​ទីតាំង​ភូមិសាស្ត្រ​នៅ​ជិតគ្នា វប្ប​ធ៌​ម​ស្រដៀង​គ្នា ហើយ​ចំពោះ​ការប្រាស្រ័យ​ទាក់ទង​ដោយ​មេត្រីភាព​រវាង​ប្រទេស​ទាំង​២ ​មាន​ប្រវត្តិសាស្ត្រ​ជាង ​១០០០​ឆ្នាំ​។ ឆ្លងតាម​រយៈផ្លូវ​សូត្រ​តាម​សមុទ្រ គ្រឿង​កុម្ភៈការ​ភ័​ណ្ឌ​ និង​គ្រឿង​ព័រ​សឺ​ឡែ​ន​របស់​ប្រទេស​ចិន​ ព្រម​ទាំង​គ្រឿងក្រអូប ​និង​គ្រឿង​ក្រមួន​របស់​កម្ពុជា​ជាដើម​ ត្រូវបាន​ផ្លាស់ប្តូរ​គ្នា​ជា​បន្តបន្ទាប់​រវាង​ប្រជាជន​នៃ​គូភាគី​។​ ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទបាយ័ន​ បានបង្ហាញ​ពី​ទិដ្ឋភាព​ដ៏​រស់​រវើក​នៃ​ការប្រាស្រ័យ​ទាក់ទង​គ្នា​រវាង​ពាណិជ្ជករ​ចិន ​និង​ប្រជាជន​កម្ពុជា​កាលពី​សម័យ​បុរាណ​។ ​ពី​សតវត្សរ៍​ទី​៥ ​ដល់ទី​៦ ក្នុង​សម័យកាល​រជ្ជកាល​ខាងត្បូង​ និង​ខាងជើង​នៃ​ប្រទេស​ចិន ព្រះសង្ឃរាជ ​៣​អង្គ​មាន​ព្រះនាមសង្ឃ​វរ្ម័ន មណ្ឌល និងសុ​ភូ​តិ បាន​និមន្ត​ទៅ​ផ្សព្វផ្សាយ​ព្រះធម៌​នៅ​ប្រទេស​ចិន​ជា​បន្តបន្ទាប់​។ លោក​ជីវ​តាក្វាន់ ​ប្រេសិត នៃ​សម័យ​រជ្ជកាល​យាន់​ប្រទេស​ចិន​ បាន​ទៅដល់​ប្រទេស​កម្ពុជា និង​បាន​និពន្ធ​សៀវភៅ​មាន​ចំណងជើង​ថា «ប្រពៃណី ​និង​ទំនាមទម្លាប់​អ្នកស្រុក​ចេនឡា​» ដែល​បាន​កត់ត្រា​អំពី​ប្រពៃណី​និង​ទំនាមទម្លាប់​របស់​ប្រជាជន​ខ្មែរ​ និង​ការប្រាស្រ័យ​ទាក់ទង​ដោយ​មេត្រីភាព​រវាង​ប្រជាជន ​នៃ​ប្រទេស​ទាំំ​ង​ពីរ​ចិន​និង​កម្ពុជា​។ លោក ហ្សឹ​ង ហឺ (Zheng He) នាវិក​ក្នុងសម័យ​រជ្ជកាល​មីង​ប្រទេស​ចិន ​បាន​ស្នាក់នៅ​ប្រទេស​កម្ពុជា​ជាច្រើនលើក​នៅពេល​ធ្វើ​នាវាចរណ៍ លោក​បាន​និយាយថា «នៅទីនេះ​មាន​អាកាសធាតុ​ក្តៅ​ជាប់ ស្រែចំការ​ទទួលបាន​ផល​ច្រើន ស្ញោរ​ទឹកសមុទ្រ​ធ្វើជា​អំបិល ប្រពៃណី​ទំនៀមទម្លាប់​សំបូរបែប​។​» វិហារ​សាម​ប៉​កុង ដែល​ស្ថិតនៅ​ជាយក្រុង​កំពង់ចាម ​មាន​គេ​ទៅ​អុជ​ធូប​ជាប់​មិន​ដាច់​ដែល​បាន​ពិពណ៌នា​អំពី​ចំណង​និស្ស័យ​ កាត់​មិន​ដាច់​រវាង​ប្រជាជន ​នៃ​ប្រទេស​ទាំងពីរ​។​

​កម្ពុ​ជាមាន​សុភាសិត​មួយ​ឃ្លា​និយាយថា «ទំនុកចិត្ត​ប្រៀបដូចជា​ដើមឈើ​»។ មិត្តភាព​ប្រពៃណី​រវាង​ប្រទេស​ចិន ​និង​ប្រទេស​កម្ពុជា ​បាន​ឆ្លងកាត់​ពេលវេលា​ដ៏​យូរអង្វែង ​និង​ការសាកល្បង​នៃ​ការប្រែប្រួល​លើ​ផ្ទៃ​អន្តរជាតិ​ដែល​បាន​ចាក់​ឫស​យ៉ាងជ្រៅ ​និង​មាន​មែកធាង​យ៉ាង​ត្រសុំត្រសាយ​ដែល​នេះ ​គឺ​បានមកពី​ការ​ពូន​ជ្រុំ​យ៉ាង​យកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ជំនាន់​ចាស់​នៃ​ប្រទេស​ទាំងពីរ​។ នៅ​ឆ្នាំ​១៩៥៨​ ប្រទេស​ចិន​ និង​កម្ពុជា​ បាន​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​ជា​ផ្លូវការ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ​បាន​ចាប់​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​។ ៥៨​ឆ្នាំកន្លងមក ថ្នាក់ដឹកនាំ​នៃ​ជំនាន់​មុនៗ​របស់​ប្រទេស​ទាំង​២​ បាន​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ បង្កើតជា​ចំណងមិត្តភាព​ដ៏​ជ្រាលជ្រៅ​។ ព្រះករុណាព្រះបាទសម្តេចព្រះ​នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ​កម្ពុជា ​ទ្រង់​ធ្លាប់មាន​ព្រះរាជបន្ទូល​ដែល​ពោរពេញ​ទៅដោយ​មនោសញ្ចេតនា​ថា មិត្តភាព​ដ៏​រឹងមាំ​ និង​យូរអង្វែង​រវាង​កម្ពុជា​និង​ចិន ហាក់ដូចជា​បុ​បា្ផ​ស្រស់​មួយទង​ដែល​មិនចេះ​រុះ​រោយ និង​រីក​ស្គុះស្គាយ​ជា​អមតៈ​ក្រោម​ផ្ទៃមេឃ​ដ៏​ភ្លឺ​ស្រឡះ​។ នេះ​គឺជា​ការឆ្លុះបញ្ចាំង​ដ៏​ពិតប្រាកដ​អំពី​ចំណង​មេត្រីភាព​រវាង​ចិន​ និង​កម្ពុជា​។

​ឈានចូល​ក្នុង​សម័យកាល​ថ្មី មិត្តភាព​រវាង​ចិន​ និង​កម្ពុជា ​រឹត​តែមាន​ភាពរឹងមាំ ព្រម​ទាំង​ទទួល​បន្ត ​និង​ផ្សាយ​ទូលាយ​ជា​បន្តបន្ទាប់​។ ប្រទេស​ទាំង​២​ មានការ​ជឿទុកចិត្ត​គ្នា​កម្រិត​ខ្ពស់​លើ​ផ្នែក​នយោបាយ បានផ្តល់​ផលប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ​-​ឈ្នះ​ លើ​វិស័យសេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ ​ដែល​ស្វែងរក​ភាពប្រាកដប្រជា​លើ​គ្រប់​វិស័យ​ទទួលបាន​ផ្លែផ្កា​ដ៏​ស្តុកស្តម្ភ ហើយ​បាន​រក្សា​ការប្រាស្រ័យ​ទាក់ទង ​និង​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​លើ​ផ្នែក​កិច្ចការ​អន្តរជាតិ​និង​តំបន់ អាចនិយាយបាន​ថា​ គឺជា​គំរូ​នៃ​ប្រទេស​ជា​សម​ភាគី ​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដោយស្មោះ​ត្រង់​។​

ឆ្នាំ​២០១០ ប្រទេស​ទាំង​២ ​បាន​បង្កើត​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​ ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ទំនាក់ទំនង​ទ្វេភាគី​បាន​ឈានចូល​សម័យកាល​ថ្មី​។ ប្រទេស​ចិន ​និង​កម្ពុ​ជា មាន​ភាពស៊ីសង្វាក់​គ្នា​កម្រិត​ខ្ពស់​លើ​ទស្សនៈ​អភិវឌ្ឍ​ប្រទេសជាតិ បាន​ឯកភាពគ្នា​លើ​កា​រព​ន្លឿ​ន​ការតភ្ជាប់​គ្នា ​រវាង​សេចក្តីផ្តួចផ្តើម​អំពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​។ ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ការបណ្តាក់ទុន​ទៅវិញទៅមក​ បាន​រក្សា​និន្នាការ​កើនឡើង​យ៉ាងខ្លាំង ប្រទេស​ចិន​បានក្លាយ​ទៅជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​១ ​និង​ប្រទេស​ជា​ប្រភព​បណ្តាក់ទុន​ធំ​ទី​១ ​របស់​ប្រទេស​កម្ពុជា ​ក្នុង​រយៈពេល​ ៣​ឆ្នាំ ​ជាប់​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ​២០១៥ ​បាន​លើសពី ​៤,៤០០​លាន​ដុល្លារ​អាមេរិក​។​

ប្រទេស​ចិន ​និង​ប្រទេស​កម្ពុជា​ជា​មិត្ត​ភក្តិ​ល្អ​ដ៏​ស្មោះត្រង់​។ នៅលើ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ជា​ស្នូល​របស់​គូភាគី​ និង​បញ្ហា​ដែល​បាន​ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំង ប្រទេស​ទាំង​២​ បាន​រួមសុខ​រួមទុក្ខ ​និង​ជួយ​យកអាសា​គ្នា​។ នៅក្នុង​ការតស៊ូ​ប្រយុទ្ធ​ដើម្បី​ដណ្តើម​ឯករាជ្យ​ជាតិ​ និង​ការរំដោះ​ជនជាតិ ក៏ដូចជា​ការ​គាំពារ​សុខសន្តិភាព​រប​ស់​ប្រទេស​កម្ពុជា ប្រទេស​ចិន​បានផ្តល់​ការគាំទ្រ​យ៉ាង​មុតមាំ ​និង​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​។ នៅ​ទសវត្សរ៍​ឆ្នាំ​៩០​ នៃ​សតវត្សរ៍​ មុនប្រទេស​ចិន​បាន​ចាត់​បញ្ជូន​កងទ័ព​វិស្វកម្ម​ចំនួន​ជាង ​៨០០​នាក់​ ឲ្យ​ទៅ​ចូលរួម​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅ​កម្ពុជា​។ ក្នុងអំឡុងពេល​ ១៨​ខែ ពួកគេ​បានបញ្ចប់​ភារកិច្ច​កសាង​និង​ស្តារឡើងវិញ​នូវ​ព្រលានយន្តហោះ​ចំនួន​៣ ក្នុងនោះ​មាន​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជាដើម ព្រម​ទាំង​ផ្លូវជាតិ​ ៤​ខ្សែ​ មាន​ប្រវែង​សរុប​ជាង​ ៦៤០​គីឡូម៉ែត្រ និង​បាន​កសាង​ និង​ស្តារឡើងវិញ​នូវ​ស្ពាន​ជាង​ ៤០កន្លែង​។ ពួកគេ​បាន​បណ្តុះ​បំប៉ន​ចំណងមិត្តភាព​រវាង​ចិន​ និង​កម្ពុជា ​ដោយ​ឈាម​ស្រស់​និង​ញើស​។​

យើងខ្ញុំ​មិនអាច​បំភ្លេច​បានទេ ក្នុង​គ្រា​ដែល​ប្រទេស​ចិន​ ថ្មី​ទើប​បង្កើតឡើងបាន​រង​នូវ​ការ​បំបិទ​ និង​ការចាត់​ទុកជា​សត្រូវ​ពី​ប្រទេស​ជាច្រើន ប្រទេស​កម្ពុជា​បាន​នាំមុខ​ក្នុងការ​បង្កើត​ទំនាក់ទំនង​ផ្លូវ​ទូត​ជាមួយ​ប្រទេស​ចិន​។ ក្នុង​ការតស៊ូ​ប្រយុទ្ធ​របស់​ប្រទេស​ចិន ​ដើម្បី​រៀបចំ​ឡើងវិញ​នូវ​អាសនៈ​ស្របច្បាប់​នៅ​អង្គការសហប្រជាជាតិ ប្រទេស​កម្ពុជា​បានផ្តល់​ការគាំទ្រ​យ៉ាង​មុតមាំ​ដល់​ប្រទេស​ចិន​។ ក្នុងពេលដែល​ប្រទេស​ចិន​គាំពារ​យ៉ាង​ដាច់ខាត​ចំពោះ​អធិបតេយ្យភាព​ទឹកដី​ជាតិ​ និង​ សិទ្ធិ​និង​ផលប្រយោជន៍​នៃ​សមុទ្រ ព្រម​និង​ការខិតខំ​ដោះស្រាយ​ជម្លោះ​តាម​ការចរចា​ដោយ​សន្តិភាព ប្រទេស​កម្ពុជា​បាន​ប្រកាន់​ភាពយុត្តិធម៌​និង​បាន​បញ្ចេញមតិ​របស់ខ្លួន​ដោយ​សច្ចធម៌ ។ នៅពេល​ខេត្ត SiChuan QingHai និង GanSu ជាដើម​របស់​ប្រទេស​ចិន​កើតមាន​គ្រោះមហន្តរាយធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ​និង​គ្រប់​មជ្ឈដ្ឋាន​នានា​របស់​ប្រទេស​កម្ពុជា​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ប្រទេស​ចិន​។ ជនជាតិ​ចិន​តែងតែ​និយាយថា ក្នុង​គ្រា​ជួបនឹង​ការលំបាក អាច​មើលឃើញ​ពី​មនោសញ្ចេតនា​ពិតប្រាកដ​។ ចំណែក​សុភាសិត​ខ្មែរ​បាន​និយាយថា មានតែ​ក្នុង​គ្រា​លំបាក​ទេ ទើប​អាចបែងចែក​ថា​អ្នកណា​ជា​មិត្ត​ភក្តិ​ពិត អ្នកណា​ជា​មិត្ត​ភក្តិ​ក្លែងក្លាយ​។ ប្រជាជន​ចិន​ និង​កម្ពុជា ​ឲ្យ​តម្លៃ​លើ​មនោសញ្ចេតនា ​និង​គោរព​តាម​ពាក្យសន្យា គោរព​រាប់អាន​គ្នា​ដោយស្មោះ​ត្រង់ ចំណង​មេត្រីភាព​រវាង​ចិន ​និង​កម្ពុជា ​បាន​ដក់​ជាប់​ក្នុង​ក្រអៅ​ដួងចិត្ត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

ប្រទេស​ចិន ​និង​កម្ពុជា ​គឺជា​អ្នកជិតខាង​ដ៏​ល្អ​ដែលមាន​មនោសញ្ចេតនា​ដូចជា​បងប្អូន​។ ក្នុង​ដំណើរ​ជំរុញ​កិច្ច​កសាង​ប្រទេសជាតិ ​និង​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​របស់​ប្រជាជនប្រទេស​ទាំងពីរ ​បាន​ជួយ​យកអាសា​គ្នា​ទៅវិញទៅមក​។ ប្រទេស​ចិន​បាន​ជួយ​កម្ពុជា​សាងសង់​ផ្លូវជាតិ​ខ្សែ​ទី​១ ​ដែល​អាច​បើកបរ​រថយន្ត ​៤​គ្រឿង​ក្នុងពេល​តែមួយ​, បាន​កសាង​រោងចក្រ​ស៊ីម៉ង់​ត៍ទី​១, ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ភ្លើង​ទី​១ និង​ស្ថានីយ​វា​រី​អគ្គិសនី​ដែលមាន​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​កម្ពុជា​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ដែល​រីកចម្រើន​យ៉ាង​ផុសផុល ​គឺជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន​ និង​កម្ពុជា​។ គិត​រហូតដល់​ខែមិថុនា​ឆ្នាំ​២០១៦ សហគ្រាស​ដែល​បាន​ទៅ​បណ្តាក់ទុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ​រួមទាំង​អស់​មាន​ចំនួន​ដល់​ទៅ​ ១០០​សហគ្រាស បើ​គិត​ជា​ទំហំ​នៃ​ការវិនិយោគ​ស្មើនឹង ​២៨០​លាន​ដុល្លារ​អាមេរិក បាន​ដោះស្រាយ​បញ្ហា​ការងារ​របស់​ប្រជាជន​កម្ពុជា​លើសពី​ ១​ម៉ឺន​៣​ពាន់​នាក់​។ ប្រទេស​ទាំងពីរ​បាន​ព​ង្រី​ក​ឧត្តមភាព​បំពេញបន្ថែម​គ្នា​ខាង​ផ្នែក​សេដ្ឋកិច្ច ខំប្រឹងប្រែង​ស្វែងរក​សក្តានុពល កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​កិច្ច​កសាង​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ធារាសាស្ត្រ ប្រភពធនធាន ថាមពល ព័ត៌មាន ​និង​ទូរគមនាគមន៍​ជាដើម​ គឺមាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើង​ឥតឈប់ឈរ និង​មាន​កម្រិត​កាន់តែ​ខ្ពស់​ទៅៗ ហើយ​គំរោង​សហប្រតិបត្តិ​ការពាក់ព័ន្ធ​មួយចំនួន​ទទួលបាន​សមិទ្ធផល​ជា​ជំហាន​ដំបូង​។​

ការផ្លាស់ប្តូរ​ខាង​វប្បធម៌​មនុស្សជាតិ​រវាង​ប្រទេស​ទាំងពីរ​ ចិន​ និង​កម្ពុ​ជា មាន​ភាព​កាន់តែ​ជិតស្និទ្ធ​ជា​រៀងរាល់ថ្ងៃ បាន​បន្ថែម​កម្លាំង​រស់​រវើក​សម្រាប់​ទំនាក់​ទំនាក់​ទ្វេភាគី​ឥតឈប់ឈរ​។ អ្នកជំនាញ​ខាង​បុរាណវត្ថុ​នៃ​ប្រទេស​ចិន​បានរស់នៅ​ប្រទេស​កម្ពុជា​ជា​យូរ​ឆ្នាំ​ដើម្បី​ការពារ​ និង​ជួសជុល​ប្រាសាទបុរាណ ​ដូចជា​ប្រាសាទចៅសាយទេវតា​ និង​ប្រាសាទតាកែវ​ជាដើម​។ អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ​ប្រទេស​ចិន​ បាន​ទៅ​កម្ពុជា​ដើម្បី​ជួយ​ព្យាបាល​រោគ​ឲ្យ​ប្រជាជន​ដោយ​ឥតគិតថ្លៃ បានធ្វើការ​វះកាត់​ខាង​ជំងឺភ្នែកឡើងបាយ​ ជូន​ប្រជាជន​កម្ពុជា​ជាង​មួយ​ពាន់​នាក់​។ អ្នកជំនាញ​ខាង​បច្ចេកទេស​កសិកម្ម​ប្រទេស​ចិន​ បានធ្វើ​ដំណើរ​ទៅកាន់​ទីជនបទ​នៃ​ប្រទេស​កម្ពុជា ពួកគេ​ជួយ​បង្រៀន​បច្ចេកទេស​កសិក​ម្ម​នៅពេល​ថ្ងៃ និង​ជួយ​បង្រៀន​ភាសា​ចិន​នៅពេល​យប់ ទទួលបាន​ការស្វាគមន៍​និង​និយម​ចូលចិត្ត​ពី​ប្រជាជន​កម្ពុជា​។ វិទ្យាស្ថាន​ខុង​ជឺ​ ដែល​បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៩​ នៅ​ប្រទេស​កម្ពុជា​ បាន​វិវឌ្ឍន៍​ពី​ទីតាំង​បង្រៀន​តែមួយ​កន្លែង​ទៅដល់ ​១៤​កន្លែង​ សិស្ស​-និស្សិត​ដែល​កំពុង​រៀនមាន​ចំនួន​លើសពី​ ១​ម៉ឺន​នាក់​។ ​គិត​រហូតដល់​ឆ្នាំ​២០១៥ រដ្ឋាភិបាល​ចិន​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​កម្ពុជា ​ឲ្យ​មក​បន្ត​វិជ្ជា​នៅ​ប្រទេស​ចិន​មាន​ចំនួន​លើសពី ​១,០០០​នាក់​។​

បច្ចុប្បន្ននេះ ប្រទេស​ចិន​ និង​កម្ពុជា​សុទ្ធតែ​ស្ថិតក្នុង​ដំណាក់កាល​អភិ​វ​ឌ្ឍ​ជា​គន្លឹះ បាន​ប្រឈម​នឹង​ភារកិច្ច​ដូចគ្នា​ដូចជា​ធ្វើ​ឲ្យ​កំណែទម្រង់​កាន់តែ​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ ពង្រីក​ការបើកចំហ​ចំពោះ​ក្រៅប្រទេស​និង​កែលំអ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម ចិន​ និង​កម្ពុជា​សុទ្ធតែជា​អ្នកជំរុញ​និង​អ្នក​កសាង ​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់​និង​កិច្ចសហប្រតិបត្តិការ​តំបន់​។ ឈរលើ​ចំណុច​ចាប់ផ្តើម​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា ប្រទេស​ចិន​នឹង​រួមជាមួយ​ប្រទេស​កម្ពុជា ធ្វើ​ការខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ទំនាក់ទំនង​ភាពជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​សម្រេចបាន​ការអភិវឌ្ឍ​ដោយ​គ្រប់​ស្រទាប់ ច្រើន​វិស័យ​និង​ស៊ីជម្រៅ ដើម្បី​ផ្តល់​សុខ​សុភមង្គល​កាន់តែ​ល្អប្រសើរ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ការកសាង​ទំនុកចិត្ត​លើ​គ្នា​ផ្នែក​នយោបាយ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ភាគី​ចិន​រីករាយ​ក្នុងការ​រក្សា​និន្នាការ​បំពេញ​ទស្សនកិច្ច​ជាន់ខ្ពស់​ទៅវិញទៅមក​ជាមួយ​ភាគី​កម្ពុជា បង្កើន​ការប្រាស្រ័យ​ទាក់ទង​ជា​យុទ្ធសាស្ត្រ សង្ឃឹមថា​រដ្ឋាភិបាល គណបក្ស ស្ថាប័ន​នីតិ​ប្បញ្ញត្តិ ខេត្ត​និង​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ​អាច​បង្កើន​ការប្រាស្រ័យ​ទាក់ទង​គ្នា​។ ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការដើរ​តាមផ្លូវ​អភិវឌ្ឍ​ ដែល​សមស្រប​នឹង​ស្ថានភាព​ប្រទេស​ខ្លួន​ដូចពេលមុនៗ​ទៀត គាំទ្រ​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករេ​ដល់​កម្ពុជា​ ក្នុងការ​គាំពារ​អធិបតេយ្យភាព​ជាតិ រក្សា​ស្ថិរភាព​ក្នុងប្រទេស ​និង​ពន្លឿន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

​ជំរុញ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ភាគី​ចិន​រីករាយ​ក្នុង​ការបង្កើន​ការតភ្ជាប់​ខាង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បង្កើតជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ស្តីពី​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ផលិតភាព​ទៅតាម​សភាព​ជាក់ស្តែង ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មាន​ និង​ទូរគមនាគមន៍​ជាដើម​ឲ្យ​ទទួលបាន​សមិទ្ធផល​ជាក់ស្តែង​។ ភាគី​ចិន​រីករាយ​ក្នុងការ​ចាត់វិធានការ​ដើម្បី​ពង្រីក​ការនាំ​ចូល​ពី​ប្រទេស​កម្ពុជា ក្នុងន័យ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​។​

​បង្កើន​ការសម្របសម្រួលនិង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​ម៉ឺងម៉ាត់​មិន​ងាករេ​។ ប្រទេស​ចិន​គាំទ្រ​ប្រទេស​កម្ពុជា​ឲ្យ​ដើរតួនាទី​ដ៏​សំខាន់ ​ក្នុង​កិច្ចការ​តំបន់​ក្នុងឋានៈ​ជា​សមាជិក​សំខាន់​នៃ​សមាគម​អាស៊ាន រីករាយ​រួមជាមួយ​ភាគី​កម្ពុជា បង្កើន​ការសម្របសម្រួលនិង​ការសហការ​គ្នា​លើ​ឆាក​តំបន់ ​និង​ពហុភាគី​ដូចជា​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូព៌ា កិច្ចសហប្រតិបត្តិការ​ទន្លេ​ឡាន​ឆាំង-​ទន្លេមេគង្គ​ និង​អង្គការសហប្រជាជាតិ​ជាដើម គាំពារ​ផលប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ​និង​ប្រទេស​កំពុងអភិវឌ្ឍន៍ ខ្នះខ្នែង​ក្នុងការ​បង្កើត​សហគមន៍​រួម​វាសនា​តែមួយ​របស់​អាស៊ី​។ កិច្ចសហប្រតិបត្តិការ​អាស៊ី​បូព៌ា​កំពុងស្ថិត​ក្នុងដំណាក់កាល​អភិវឌ្ឍន៍​ជា​គន្លឹះ យើង​គួរតែ​បន្ត​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ស្តីពី​ការអភិវឌ្ឍ ហើយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​បូព៌ា​ ឲ្យ​រីកចម្រើន​ទៅមុខ​ដោយ​បរិសុទ្ធ​ និង​នឹងនរ​។​

​ជំរុញ​ការផ្សារភ្ជាប់​ដួងចិត្ត​ប្រជាជន​ជា​សន្សឹមៗ​។ ភាគី​ចិន​រីករាយ​រួមសហការ​ជាមួយ​ភាគី​កម្ពុជា ប្រើប្រាស់​វេទិកា​ដូចជា​វិទ្យាស្ថាន​ខុង​ជឺ ​និង​ផ្ទះ​វប្បធម៌​ចិន​ជាដើម​ ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​ខាង​វិស័យ​អប់រំ វប្បធម៌ ទេសចរណ៍​និង​សុខាភិបាល​ជាដើម បង្កើន​ការស្វែងយល់​គ្នា​ និង​មនោសញ្ចេតនា​មេត្រីភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​គឺ​យុវជន​ប្រទេស​ទាំងពីរ ធ្វើ​ឲ្យ​ចំណង​មេត្រីភាព​រវាង​ចិន​និង​កម្ពុជា​បន្តទៅ​គ្រប់​ជំនាន់​។​

ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា នៅក្រោម​ការខិតខំ​ប្រឹង​ប្រែង​រួម​របស់​យើង ចំណងមិត្តភាព​ជា​ប្រពៃណី​រវាង​ចិន​ និង​កម្ពុជា ​ប្រាកដជា​អាច​ទទួលបាន​ផ្លែផ្កា​ថ្មី យើង​នឹង​ធ្វើជា​អ្នកជិតខាង​ល្អ​ និង​មិត្ត​ភ​កិ្ត​ពិតប្រាកដ​ដែលមាន​ភាព​ស្មោះត្រង់​ នឹង​គ្នា​ជា​រៀងរហូត​៕

* សំណេររបស់ប្រធានាធិបតីចិននេះ​ ទទួលបានពីស្ថានទូតចិន ប្រចាំនៅកម្ពុជា