(ឧត្តរមានជ័យ)៖ មន្ដ្រីនគរបាលម្នាក់ បានជាន់មីនដាច់ជើងម្ខាង ខណៈដែលកំពុងតែដើរល្បាត នៅតាមព្រំដែនកម្ពុជា-ថៃ នៅព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងស្រុកអន្លង់វែង។

មន្ដ្រីនគរបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា មុនពេលកើតហេតុ កម្លាំងនគរបាលការពារព្រំដែន បានចុះល្បាតតាមបន្ទាត់ព្រំដែន ដោយសហការជាមួយកម្លាំងយោធា ផ្នែកសឹករងអន្លង់វែង៥នាក់ ដឹកនាំដោយលោក ឡោយ ឡាយ មេបញ្ជាការរងកងអនុសេនាតូចលេខ២ គ.៧ លុះល្បាតពីចំណុចលេខ១០ ទៅលេខ៩ ពេលស្រាប់តែ ជនរងគ្រោះជាកម្លាំងនគរបាលម្នាក់ឈ្មោះ អៀង សុដន បានជាន់មីនស្កូប្រភេទK58 បណ្តាលឲ្យផ្ទុះដាច់ជើងខាងស្តាំ និងរបួសជើងខាងឆ្វេង។

ក្រោយពីកើតហេតុភ្លាមៗ កងកម្លាំងបានជួយសង្គ្រោះ ដល់ជនរងគ្រោះ ដោយដឹកបញ្ជូនទៅមន្ទីរពេទ្យ ស្រុកកាបជើង ខេត្តសុរិន ដើម្បីជួយសង្គ្រោះ៕