(ហាណូយ)៖ កាលពីសប្តាហ៍មុនអាមេរិក បានផ្អាកមិនទទួលយកការនាំចូលអង្ករមួយចំនួន ពីប្រទេសវៀតណាម ដោយសារតែរកឃើញថា មានផ្ទុកសារធាតុគីមីលើសកំណត់ និងច្រើនប្រភេទ ហើយឥឡូវនេះរដ្ឋភិបាលនៃប្រទេសវៀតណាម កំពុងតែមានក្តីព្រួយបារម្ភជាខ្លាំង ព្រោះខ្លាចអាមេរិក ដាក់បំរាមមិនឲ្យមានការនាំចូលអង្ករ ពីវៀតណាមបន្ថែមទៀត ដោយលែងជឿទុកចិត្តលើគុណភាព ស្រូវអង្ករ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានវៀតណាម VBN នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

កសិករនៅក្នុងប្រទេសវៀតណាម បានទទួលការអនុញ្ញាតឲ្យប្រើប្រាស់សារធាតុគីមី ដែលត្រូវបាន ពិនិត្យរកឃើញ នៅក្នុងអង្ករដែលបាននាំចេញទៅកាន់អាមេរិក ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងតែ កើតមានសេចក្តីព្រួយបារម្ភដែលថា សហរដ្ឋអាមេរិកនឹងដាក់បំរាមហាមលែងឲ្យមាន ការនាំចូល ស្រូវអង្ករពី វៀតណាម តទៅទៀត ដោយសារតែបញ្ហាជាតិគីមីលើសកំណត់ក្នុងអង្ករនោះ។

ពាក់ព័ន្ធនឹងបញ្ហាការនាំចេញអង្ករពីប្រទេសវៀតណាម ទៅកាន់សហរដ្ឋអាមេរិកនេះដែរ សមាគមស្បៀងអាហារវៀតណាម បានឲ្យដឹងថា នៅក្នុងរយៈពេលបួនខែដើមឆ្នាំ ២០១៦នេះ អាមេរិកបានបដិសេដមិនទទួលយកអង្ករនាំចូលពីវៀតណាមចំនួន ១,៧០០តោន។ ដោយឡែក គិតចាប់តាំងពីឆ្នាំ២០១២ ដល់ ខែសីហា ឆ្នាំ២០១៦ អង្ករប្រមាណ ១០,០០០តោន របស់វៀតណាម ដែលដឹកទៅកាន់អាមេរិក ត្រូវបានបញ្ជូនត្រឡប់មកវិញ ដោយសារតែបញ្ហាសុវត្ថិភាពនិងអនាម័យ។

ជាមួយគ្នានេះដែរ លោកសាស្រ្តាចារ្យ Vo Tong Xuan ដែលជាអ្នកសេដ្ឋវិទូផ្នែកស្រូវអង្ករវៀតណាម បាននិយាយថា «ពួកយើងកំពុងស្ថិតនៅក្រោយប្រទេសថៃ និងកម្ពុជា បើនិយាយអំពីរឿង​គុណភាព ស្រូវអង្ករ ដូច្នេះហើយយើងទទួលស្គាល់ថា គ្មានជម្រើសរើសអ្វីផ្សេងទៀតនោះឡើយ ដែលប្រសើរជាងការបង្កើនគុណភាពអង្ករ ដោយសុខចិត្តកាត់បន្ថយនូវបរិមាណ»