(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានប្រាប់យុវជនកម្ពុជា ២៩រូប ដែលនឹងចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ (SSEAYP) ត្រូវប្រកាន់ខ្ជាប់អត្តសញ្ញាណ​របស់ជាតិ និងអត្តចរិតថ្លៃថ្នូរ ឲ្យសមជាយុវជនតំណាងកម្ពុជា និងដើម្បីរឹតចំណងមិត្តភាពជាមួយយុវជនជប៉ុន ក៏ដូចជាយុវជនមកពីបណ្តាប្រទេសសមាជិក​អាស៊ានសំដៅពង្រីក​ចំណេះដឹង​ជុំវិញពិភពលោក និងពង្រឹងស្មារតីកិច្ចសហការ ក៏ដូចជាជំនាញអនុវត្តការងារចាំបាច់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

ការក្រើនរំលឹករបស់លោក ប៉ាន សូរស័ក្តិ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ពេលលោកអនុញ្ញាតឲ្យប្រតិភូយុវជនទាំង ២៩រូប ចូលជួបសំដែងការគួរសម និងសុំអនុសាសន៍​ណែនាំមួយចំនួន មុនពេលពួកគេចេញដំណើរទៅចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគេ្នយ៍ (SSEAYP) លើកទី៤៣។

ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ពីសាវតា នៃការអភិវឌ្ឍវិស័យពាណិជ្ជកម្មរបស់កម្ពុជា ជូនប្រតិភូយុវជនថា ដោយផ្តើមចេញពីការរៀបចំយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ រហូតដល់ការ​កសាង និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ សមាហរណកម្មពាណិជ្ជកម្ម CTIS លើកទី១ និងទី២ ដោយជោគជ័យ។ លោករដ្ឋមន្រ្តី ក៏បានឲ្យដឹងផងដែរថា ការប្រឹងប្រែងដើម្បី​ក្លាយខ្លួនជាសមាជិក​ពេញសិទ្ធិរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺជាចំណុចចាប់ផ្តើមយ៉ាងល្អ ដែលបានឈានឆ្ពោះទៅរកការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសយ៉ាងច្រើនទាក់​ទងវិស័យពាណិជ្ជកម្ម​ពីដៃគូអភិវឌ្ឍន៍​អន្តរជាតិធំៗ នៅលើពិភពលោក។

លោករដ្ឋមន្ដ្រី បន្តថា ទាំងយន្តការអភិក្រមគ្របដណ្តប់លើវិស័យពាណិជ្ជកម្ម (Trade SWAp) និងកម្មវិធីជំនួយសម្រាប់ពាណិជ្ជកម្ម EIF និង TDSP បានក្លាយជាប្រធានបទ​សំខាន់សម្រាប់ប្រទេស​អភិវឌ្ឍន៍​តិចតួច (LDCs) ដទៃទៀត ធ្វើទស្សនកិច្ចសិក្សា ដើម្បីរៀនសូត្រពីភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រើប្រាស់វិស័យពាណិជ្ជកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ច។

ក្រោយបញ្ចប់កិច្ចសំណេះសំណាល លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានប្រគល់ថវិកា ៥លានរៀល ដល់ប្រតិភូយុវជនកម្ពុជាទាំងអស់ និងបានជូនពរដល់ពួកគេឲ្យទទួលបានជោគជ័យ ក្នុងការបំពេញ​បេសកកម្មការទូតតាមនាវា និងនៅតាមប្រទេស ដែលចូលសំចតផងដែរ៕