(អូស្រ្តាលី)៖ ក្រៅពីកោតសរសើរថា កម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏សម្បូរបែប និងមានវប្បធម៌ល្អអស្ចារ្យ, លោក Bruce Atkinson ប្រធានព្រឹទ្ធសភា ប្រចាំនៅរដ្ឋ Victoria បានលើកឡើងទៀតថា «អ្នកនៅទីនេះ និងបងប្អូនរួមជាតិរបស់អ្នក បានធ្វើការតវ៉ានៅខាងក្រៅ នៅរាត្រីនេះយើងចង់ឃើញអ្នកទាំងអស់ គ្នារួមគ្នា នឹងសម្លឹងទៅរកអនាគត ដើម្បីបង្កើនឱកាសដ៏ល្អប្រសើរ សម្រាប់កូនចៅរបស់អ្នកទាំងនៅទីនេះ និងនៅប្រទេសកំណើតរបស់អ្នក»

ការលើកឡើង របស់ប្រធានព្រឹទ្ធសភាប្រចាំរដ្ឋ Victoria រូបនោះបានធ្វើឡើង នៅពេលដែលលោកបានចូលរួមពិសារអាហារសាមគ្គីមហាគ្រួសារ ខ្មែរនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍មុន គ្រាដែលប្រជាពលរដ្ឋខ្មែរជាង៦០០នាក់ បានជួបជុំគ្នាស្វាគមន៍លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា។

លោក Bruce Atkinson បានបន្តលើកឡើងក្នុងនាមលោកជាអ្នកនយោបាយរបស់រដ្ឋ ដោយមិនគាំទ្រខាងណានោះទេ ព្រោះកម្ពុជាមិនមែនជាប្រទេសរបស់លោក ហើយលោកមិនមានមតិយោបល់ អំពីកម្ពុជាឡើយ​។ នៅលើឆាកអន្តរជាតិ កម្ពុជាជាមិត្តជិតស្និទ្ធរបស់អូស្រ្តាលី ទាំងរដ្ឋាភិបាលកម្ពុជា ទាំងរដ្ឋាភិបាលអូស្រ្តាលី សុទ្ធតែមិនល្អឥតខ្ចោះ។

«យើងមានការងារច្រើនត្រូវធ្វើ ដើម្បីឲ្យអ្វីៗផ្សេងៗ ឲ្យកាន់តែល្អប្រសើរធានាសិទ្ធិមនុស្សរបស់ពលរដ្ឋគ្រប់រូប និងធានានូវវឌ្ឍនភាពរបស់ប្រទេសយើង ដែលបានឆ្លងកាត់របបខ្មៅងងឹតខ្មែរក្រហម​» នេះបើតាមសម្តីរបស់លោក Bruce Atkinson ថ្លែងចេញពីទីក្រុង Melborune ប្រទេសអូស្រ្តាលី។

ដំណើរបេកកម្ម របស់លោកហ៊ុន ម៉ាណែត ទៅកាន់ប្រទេសអូស្ត្រាលីរយៈពេល៦ថ្ងៃមកនេះ គឺបាន​ទទួលការស្វាគមន៍ភ្លូកទឹក ភ្លូកដី ពិសេស គឺអាជ្ញាធរតាម តំបន់នីមួយៗនៃប្រទេសអូស្ត្រាលី បានស្វាគមន៍ក្រុមការងារលោក ហ៊ុន ម៉ាណែត ទាំងក្នុងពិធីពិសារអាហារសាមគ្គី ក៏ដូចជាជំនួបពិភាក្សា​ការងារផងដែរ។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត និងក្រុមការងារយុវជន នឹងបំពេញទស្សនកិច្ចនៅក្រៅប្រទេសរយៈពេល១៣ថ្ងៃ ហើយដំណើរទស្សនកិច្ចនៅអូស្ត្រាលី និងប្រទេសនូវ៉ែលហ្សេឡង់ នាពេលនេះគឺបន្ទាប់ពីដំណើរចុងក្រោយ ដែលបានធ្វើនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ដើម្បីការសាកសួរសុខទុក្ខ ប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រនៅក្រៅប្រទេស តាមការអញ្ជើញរបស់ប្រជាពលរដ្ឋខ្មែរ ដែលនៅក្រៅស្រុកទាំងនោះ។ ដំណើរទស្សនកិច្ចនៅអូស្ត្រាលី នឹងបញ្ចប់នៅថ្ងៃទី១៤ ខែតុលាខាងមុខនេះ ប៉ុន្ដែនឹងបន្តទៅកាន់ប្រទេសនូវ៉ែលហ្សេឡង់ ថែមទៀត៕​

សូមស្តាប់ការថ្លែងរបស់លោក Bruce Atkinson ប្រធានព្រឹទ្ធសភាប្រចាំរដ្ឋ Victoria អូស្រ្តាលី៖