(ប៉េកំាង)៖ ប្រទេស ចិន និង រុស្ស៊ី បានរិះគន់ទីក្រុងវ៉ាស៊ីនតោនយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត ដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD​​ នៅលើទឹកដីកូរ៉េខាងត្បូង បើទោះជាសហរដ្ឋអាមេរិក និងទីក្រុង សេអ៊ូល ធ្លាប់បានអះអាងជាច្រើនដងថា ប្រព័ន្ធខែលការពារមីស៊ីលនេះ មានគោលដៅ ទៅលើ កូរ៉េខាងជើង តែមួយគត់ក៏ដោយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ​នៅព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងវេទិកាថា្នក់តំបន់ប្រចំាឆ្នាំលើកទី៧ ស្ដីពីវិស័យការពារជាតិ នៅឯទីក្រុងប៉េកាំង មន្ត្រីយោធា ជាន់ខ្ពស់ ចិន និងរុស្ស៊ី បានសម្ដែងក្ដីព្រួយបារម្ភ និងចាត់ទុកថា ការសម្រេចចិត្តដាក់ពង្រាយ THAAD​ នៅលើទឹកដីកូរ៉េខាងត្បូង មិនបានចូលរួមចំណែកអ្វី ដើម្បីថែរក្សាសន្តិភាព និង ស្ថេរភាពនៅក្នុង ឧបទ្វីបកូរ៉េ នោះឡើយ តែផ្ទុយទៅវិញវាអាចនឹងបង្កជា ជម្លោះផ្នែកយោធានៅក្នុងតំបន់តែប៉ុណ្ណោះ។ ​បន្ថែមពីលើនេះ ឧត្ដមសេនីយ៍ចិនលោក Cai Jun បានគូសបញ្ជាក់ដែរថា សហរដ្ឋអាមេរិក កំពុងប្រើប្រាស់សកម្មភាពរបស់ កូរ៉េខាងជើង ជាលេសកេងចំណេញលើយោធាចិន។

គួររំលឹកថា សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង បានសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល  THAAD ខណៈកូរ៉េខាងជើង ចេះតែបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ផ្លោងជាបន្តបន្ទាប់​ ដែលនេះត្រូវបានទីក្រុង វ៉ាស៊ីនតោន និង ទីក្រុង សេអ៊ូល អះអាងថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខនៅក្នុងតំបន់ ហើយការពង្រាយប្រព័ន្ធខែលការពារមីស៊ីលនេះ គឺគ្មានបំណងអ្វីផ្សេង ក្រៅតែពីការបង្កា ក្នុងករណីមានការវាយប្រហារណាមួយ ដោយគ្រាប់មីស៊ីលឬអាវុធនុយក្លេអ៊ែរ ពីសំណាក់ កូរ៉េខាងជើង៕