(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញបងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ឲ្យមកលេងនៅកម្ពុជា ដើម្បីពិនិត្យឲ្យឃើញជាក់ស្តែង នូវស្ថានភាពរីកចម្រើន ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន ក្រោយពេលបញ្ចប់សង្រ្គាម ចៀសវាងការភ័ន្តច្រឡំ តាមការឃោសនាអាក្រក់ខុសការពិត ពីសំណាក់ជនមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បាននៅលើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦យ៉ាងដូច្នេះ «កម្ពុជា រីកចម្រើនទៅមុខជារៀងរាល់ថ្ងៃក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ សូមអញ្ជើញបងប្អូនខ្មែរ ជាពិសេស លោកយាយ លោកតា ដែលបានទៅរស់នៅបរទេសជាយូរឆ្នាំមកហើយ ហើយបានស្តាប់ត្រឹមតែការឃោសនាអកុសល មិនពិតរបស់ជនអគតិមួយចំនួន សូមបងប្អូនមកលេងស្រុកទេសយើង គឺពិតជាបានឃើញសមិទ្ធផលជាតិ ជាច្រើនដែលបានកើតឡើងដោយការខិតខំ កសាងស្ថាបនារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកទៅកាន់ក្រុមអ្នកថ្លែងឃោសនាទាំងនោះថា ត្រឹមតែការឃោសនានិយាយគ្មានការពិត គឺគ្មានប្រយោជន៍អ្វីដល់ប្រទេសជាតិឡើយ ហើយប្រជាពលរដ្ឋពលរដ្ឋ ក៏លែងជឿតទៅទៀតដែរ។

សូមបញ្ជាក់ថា ការចេញមកអញ្ជើញប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសមកលេងកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងចំ ពេលមានប្រជាពលរដ្ឋមានដើមកំណើតខ្មែរ រស់នៅប្រទេសអូស្ត្រាលី មួយចំនួន ដឹកនាំដោយ លោក ហុង លីម អ្នកតំរាងរាស្រ្តក្នុងរដ្ឋវីតូរៀ ប្រទេសអូស្ត្រាលី និងមេដឹកនាំគណបក្សសង្រ្គោះជាតិ ក្នុងប្រទេសអូស្ត្រាលី នាំគ្នាធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត បុត្រច្បងរបស់សម្តេច ដែលកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសអូស្ត្រលី។

ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ត្រូវបានគេដឹងថា រត់និរទេសខ្លួនចាកឆ្ងាយស្រុកកំណើត ក្នុងពេលប្រទេសជាតិធ្លាក់ក្នុងអន្លង់ភ្លើងសង្រ្គាម នាទស្សវត្សរ៍ឆ្នាំ៧០។ បើទោះបីបច្ចុប្បន្នកម្ពុជា បានបញ្ចប់សង្រ្គាម ទៅហើយក្តី មានប្រជាពលរដ្ឋខ្លះ ក៏បានវិលមកស្រុកកំណើតវិញ ចូលរួមចំណែកអភិវឌ្ឍន៍ ទីកន្លែងកំណើតរបស់ពួកគេ តែក៏មានប្រជាពលរដ្ឋខ្លះ មិនទាន់បានមកប្រទេសកំណើតវិញផងដែរ។

មិនត្រឹមតែមិនបានវិលមកស្រុកកំណើតវិញនោះទេ ក្រុមប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏តែងបានស្តាប់នូវការឃោសនាច្រើន ពីមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា គឺគណបក្សសង្រ្គោះជាតិថា ប្រទេសកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពមួយយ៉ាប់យឺន ជាពិសេសក្រុមបក្សប្រឆាំងតែងតែឃោសនាថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមឥទ្ធិពល របស់វៀតណាម៕