(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្ដចូលរួមសហការ ដើម្បីភាពប្រសើរឡើង នៃអភិបាលកិច្ចបរិស្ថាន ដោយត្រូវខិតខំអនុវត្តឲ្យ បានជោគជ័យ ស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីអនុវត្តគម្រោងកំណែទម្រង់អភិបាលកិច្ចបរិស្ថាន ដែលជាគម្រោងពង្រឹងសមត្ថភាព ស្ថាប័នរបស់ក្រសួងបរិស្ថាន។

ការស្នើបែបនេះ របស់លោករដ្ឋមន្ដ្រី សាយ សំអាល់ ត្រូវបានធ្វើឡើង នៅល្ថាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវការអនុវត្តគម្រោងកំណែទម្រង់ អភិបាលកិច្ចបរិស្ថាន។ ​

គម្រោងនេះដែរ មានកា​រជួយឧបត្ថម្ភជាថវិកា ​និងគាំទ្រផ្នែកបច្ចេកទេស ​ពី​សំណាក់​ដៃគូអភិវឌ្ឍន៍ ក្រោមការសម្របសម្រួលរបស់អង្គការ UNDP ប្រចាំកម្ពុជា គម្រោងនេះបានផ្តោតជាចម្បង​លើគោលដៅចំនួន៣គឺ ទី១-ការធ្វើទំនើបកម្មក្រសួងបរិស្ថាន ទី២-ការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍​​ ដោយចីរភាព និងទី៣-ការរៀបចំក្រមបរិស្ថាន ដើម្បីរួមចំណែក ដល់ការពង្រឹងប្រសិទ្ធភាពការ​ងារ ​ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព របស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ៗជំនាន់។

ក្នុងនោះដែរ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបរិស្ថានបានកំណត់បំណងយុទ្ធសាស្រ្ត ចក្ខុវិស័យ និងបេសក​កម្ម​របស់ខ្លួន យ៉ាងជាក់លាក់​នៅ ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ​ ដោយអនុលោមតាមកម្មវិធី​នយោ​បាយ​​គណ​បក្ស​​​ប្រជា​​ជន​កម្ពុជា​ ស្របតាម​យុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៣​​​ និងមតិ​ណែនាំ​របស់​សម្តេច​​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តីនៃកម្ពុជា ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី១ របស់​​គណៈ​រដ្ឋមន្រ្តី។​

បន្ថែមពីនេះ លោក សាយ សំអាល់ បានសម្ដែង​នូវ​ការ​កោត​សរសើរ​ ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​បាន​រួម​ចំណែក ​ដល់​កិច្ច​គាំពារជីវភាពមន្រ្តីរាជការ ការ​កែសម្រួលមុខងារ​​រចនាសម្ព័ន្ធគ្រប់​គ្រង ការពង្រឹងសមត្ថភាពជំនាញដល់មន្រ្តីរាជការ ការពង្រឹងរបៀបរបប​​ការងារ​រដ្ឋបាល និងហិរញ្ញវត្ថុ ការផ្ទេរកញ្ចប់ថវិកាតាមកម្មវិធី ទៅឱ្យអង្គភាពថវិកា ការផ្ទេរមុខងារ និងធ្វើប្រតិភូកម្មទៅឱ្យ រដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំបង្កើតអគ្គលេខាធិ​ការ​ដ្ឋាន នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព និងការ​រៀបចំក្រមបរិស្ថាន៕