(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួម ក្នុងមហាសន្និតបាតពេញអង្គ ប្រចាំឆ្នាំ២០១៦ របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារពិភពលោក នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

មហាសន្និបាតនេះរៀបចំឡើង អមដោយសិក្ខាសាលាលើ ប្រធានបទសំខាន់ៗ ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍក្នុង វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក និងការរីកចំរើនផ្នែកបច្ចេកវិទ្យា វិសមភាពចំណូល គោលនយោលបាយ សារពើពន្ធ រូបិយវត្ថុនិងហិរញ្ញវត្ថុ និងបញ្ហាប្រឈមចម្បងៗដែលពិភពលោកកំពុងជួបប្រទះ។

លោក ទេសាភិបាល​ និងគណៈប្រតិភូក៏បានចូលរួមកិច្ចប្រជុំ ថ្នាក់ទេសាភិបាល​ និងរដ្ឋមន្ដ្រីហិរញ្ញវត្ថុ នៃការិយាល័យអាស៊ីអាគ្នេយ៍ (SEAV GROUP) ដើម្បីចូលពិភាក្សា ផ្លាស់ប្ដូរយោលបល់ពី ស្ថានភាពពិភពលោក បញ្ហាប្រឈមក្នុងតំបន់ និងគោលនយោលបាយនានា ដែលប្រទេសជាសមាជិក SEAV GROUP គួរអនុវត្តសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញាវត្ថុ។

ក្រៅពីការចូលរួមក្នុងកិច្ចប្រជុំ ខាងលើគណៈប្រតិភូធនាគារជាតិនៃកម្ពុជា បានជួបជាមួយនាយកដ្ឋាននានា របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលទទួលបន្ទុកការងារកម្ពុជា រួមមាននាយកដ្ឋាន អាស៊ី-ប៉ាស៊ីហ្វិក និងនាយកដ្ឋានទីផ្សារទុនដើម្បី ជម្រាបជូនពីការអភិវឌ្ឍរបស់ វិស័យសេដ្ឋកិច្ចនិងធនាគារកម្ពុជា បញ្ហាប្រឈម និងតម្រូវការជំនួយបច្ចេកទេស ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជា និងការរីកចម្រើនវិស័យធនាគារ និងបានបង្ហាញការគាំទ្រ ដល់កម្ពុជាតាមរយៈការបន្តផ្តល់ ជំនួយបច្ចេកទេសអភិវឌ្ឍធនធានមនុស្ស និងជួយតាមដានស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចកម្ពុជា៕