(មូស្គូ)៖ នៅបន្ទាប់ពីទទួលបាន សញ្ញាណមិនស្វាគមន៍ពី សំណាក់ប្រធានាធិបតីបារំាង លោកហ្រ្វង់ស័រ ហូឡង់ នៅទីបំផុតខាងវិមានក្រឹមឡាំង តាមរយៈអ្នកនំាពាក្យលោក ឌីមីទ្រី ពេស្កូវ បានគូសបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្រេចចិត្តលុបចោលដំណើរទស្សនកិច្ចរបស់លោក  ក្រោមហេតុផលនៃការកែប្រែ កម្មវិធីដែលបានគ្រោងទុកនៅទីក្រុងប៉ារីស។ នេះបើយោងតាម ការចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃអង្គារ៍ ទី១១ ខែតុលា ឆ្នាំ២០១៦។

ពាក់ព័ន្ធនឹងការលុបដំណើរទស្សនកិច្ចនេះដែរ លោក ពេស្កូវ បានឱ្យដឹងដែរថា លោកពូទីន បានត្រៀមខ្លួនរួច ជាស្រេចដើម្បីបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសបារាំង នៅពេលវេលាសាកសម មួយអាស្រ័យលើ លោកហ្រ្វង់ស័រ ហូឡង់។ កាលពីដំបូងឡើយ លោកពូទីន មានគម្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុង ប៉ារីសនៅថ្ងៃទី១៩ ខែតុលា ក៏ប៉ុន្តែវាត្រូវលុបចោល នៅក្រោយពេលលោក ហូឡង់ផ្ទាល់ បានបង្ហាញភាព ស្ទាក់ស្ទើរកាលពីថ្ងៃអាទិត្យ ដោយលោកបានសួរខ្លួនឯងថា តើវាចំាបាច់ដែរឬទេ ក្នុងការជួបជាមួយនឹង លោកពូទីន។

សូមជំរាបថា ទំនាក់ទំនងរវាងទីក្រុង ប៉ារីស និងទីក្រុងមូស្គូ ហាក់ដូចជាមានភាពតានតឹងនឹងគ្នាដោយសារតែ រឿងរុស្ស៊ីប្រើសិទ្ធិវេតូ ជំទាស់នឹងដំណោះស្រាយបទឈប់សម្រាប់ ស៊ីរីស្នើដោយបារំាង នៅក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាសន្តិសុខ ហើយ មិនតែប៉ុណ្ណោះលោកហូឡង់ បាននិយាយនៅមុនកិច្ចប្រជុំថាប្រទេសណាមួយដែល ជំទាស់នឹងដំណោះស្រាយនេះ ពួកគេនឹងបាត់បង់ ការជឿទុកចិត្តពីពិភពលោក៕