(វិទ្យាសាស្រ្ត)៖ យោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Space ចេញផ្សាយនៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ ២០១៦ បានឲ្យដឹងថា បេសកកម្មសម្ងាត់ដោយប្រើយន្តហោះអវកាស នៃកងទ័ពអាកាស​អាមេរិក បាន និងកំពុងហោះនៅក្នុងគន្លងគោចរ របស់ភពផែនដីដោយប្រើពេលចំនួន ៥០០ ថ្ងៃ គិតចាប់ពីថ្ងៃដែលវាត្រូវបានបង្ហោះកាលពីឆ្នាំមុន។

កងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក បានបង្ហោះយន្តហោះអវកាសប្រភេទ X-37B កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៥ ឆ្នាំមុននេះ សម្រាប់កម្មវិធីហោះហើរនៃកងទ័ពជើងអាកាសលើកទី៤។
ជាមួយគ្នានេះដែរ យន្តហោះអវកាស X-37B ត្រូវបាន បង្ហោះចេញពីស្ថានីយ៍បង្ហោះយាន កងទ័ពជើង អាកាស Cape Canaveral នៃរដ្ឋផ្លូរីដា សហរដ្ឋអាមេរិក ដោយគ្រាប់រ៉ុក្កែត Alliance Atlas V របស់ភ្នាក់ងារអវកាស NASA។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បានបង្ហាញថា បេសកកម្មសម្ងាត់របស់យន្តហោះអវកាស នៃកងទ័ពយោធាអាមេរិក ត្រូវបានធ្វើឡើង ៣ លើករួចមកហើយដើម្បីធ្វើតេស្តសាកល្បង ពីការហោះហើររបស់យន្តហោះអវកាស នៅក្នុងគោចររបស់ភពផែនដី ប៉ុន្តែគេមិនដឹងច្បាស់ពីគោល បំណងធំរបស់វានោះឡើយ។

ជាក់ស្តែង បេសកកម្មលើកទី១ ត្រូវបានធ្វើឡើងក្នុងរយៈពេល ២២៤ ថ្ងៃនៅក្នុងគោចរភពផែនដី និង បេសកកម្មទីពី ត្រូវបានធ្វើឡើងក្នុងរយៈពេល ៤៦៨ថ្ងៃ ចំណែកឯបេសកកម្មលើកទី៣ ត្រូវបានធ្វើឡើងក្នុងរយៈពេល ៦៧៥ ថ្ងៃនៅក្នុងគោចររបស់ភពផែនដី កាលពីប៉ុន្មានឆ្នាំមុន៕