(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា កំណត់ឲ្យ មន្ទីរអប់រំ រាជធានី-ខេត្ត ត្រូវរៀបចំផែនការពិនិត្យតាមដាន និងវាយតម្លៃច្បាស់លាស់ ដោយចាត់តាំងក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ (DTMTs) ឲ្យទទួលខុសត្រូវ ចុះជួយដល់នាយកសាលារៀន និងគ្រួបង្រៀននៅតាមមូលដ្ឋាន ដែលបានកំណត់របស់រាជធានី-ខេត្តសាម៉ី។

នេះបើយោងតាម សេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលអង្គភាព Fresh News ទទួលបាននៅល្ងាច ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្ដីអំពីដំណើរការអប់រំនៅគ្រឹះស្ថានបឋមសិក្សា និងមតេយ្យសិក្សាសាធារណៈ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ ដើម្បីធានាបាននូវការអប់រំមួយ ប្រកបដោយសមធម៌ និងគុណភាព ក៏ដូចជាការធ្វើឲ្យសម្រេចនូវគោលដៅ និងធានាបាន នូវកំណែទម្រង់លើវិស័យអប់រំ និងផែនការយុទ្ធសាស្ដ្រអប់រំ។

ក្រសួងអប់រំ បានបញ្ជាក់ថា រាល់ការពិនិត្យតាមដាន ត្រូវអនុវត្តតាមគោលការណែនាំ កម្រងតួនាទី និងភារកិច្ច របស់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក-ខណ្ឌ ដែលទើបបានកែសម្រួលថ្មី និងដាក់ឲ្យអនុវត្ត ហើយនៅក្នុងឆ្នាំសិក្សា២០១៦-២០១៧នេះ សាលារៀននីមួយៗ ត្រូវធ្វើស្វ័យវាយតម្លៃឲ្យបាន២ដង ក្នុងមួយឆ្នាំសិក្សា (ដំណាច់ឆមាសទី១ និងដំណាច់ឆមាសទី២) ឯគ្រូបង្រៀនម្នាក់ៗ ក៏ត្រូវធ្វើការវាយតម្លៃការងារថ្នាក់រៀន ឲ្យបានទៀងទាត់ជារៀងរាល់ខែ ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃ របស់សាលាកុមារមេត្រី។

ក្រសួងអប់រំ យុវជន និងកីឡា បន្ថែមថា រាល់ការវាយតម្លៃត្រូវប្រើប្រាស់ បញ្ជីពិនិត្យតាមដាន និងវាយតម្លៃលទ្ធផលការងារ របស់សាលារៀនក្នុងកម្មវិធីសាលាកុមារមេត្រី ដើម្បីធ្វើការពិនិត្យតាមដាន និងវាយតម្លៃព្រមទាំងធ្វើចំណាត់ថ្នាក់សាលាកុមារមេត្រីទៅកម្រិតទាំង៣ (មូលដ្ឋាន, មធ្យម និងអភិវឌ្ឍ) ដោយអនុវត្តតាមលិខិតលេខ ៥៨០អយក-បស ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពីការដាក់ឲ្យអនុវត្តកម្រងតួនាទី ភារកិច្ចរបស់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ ក្រុង ស្រុក ខណ្ឌ និងគោលការណ៍ កំណត់សាលាកុមារមេត្រីតាមកម្រិត៕