(វ៉ាស៊ីនតោន)៖ ប្រធានធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានដាក់បញ្ចូលប្រទេស កូរ៉េខាងជើង ជាថ្មីម្ដងទៀតទៅក្នុងបញ្ជីខ្មៅ នៃការជួញដូរមនុស្ស ដែលនេះនឹងជម្រុញឱ្យ សហរដ្ឋអាមេរិក ហាមឃាត់ការផ្ដល់មូលនិធិផ្សេងៗ ដល់ប្រទេសកុម្មុយនិស្ដឯកោមួយនេះ នៅឆ្នាំបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយដោយ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦។

ជាមួយគ្នានោះដែរក្រៅតែពី កូរ៉េខាងជើង លោក បារ៉ាក់ អូបាម៉ា ក៏បានចាត់ទុកដែរថាប្រទេស អេក្វាទ័រ ហ្គីណេ អ៊ីរ៉ង់ រុស្ស៊ី និង ស៊ីរី ជាដើម គឺជាក្រុមប្រទេសដែលមិនគោរពតាមបទដ្ឋានស្ដង់ដា ជាអប្បបរមា នៃកិច្ចព្រមព្រៀង ឆ្នាំ២០០០ ស្ដីពីការការពារជនរងគ្រោះពីការជួញដូរមនុស្ស។ ដូច្នេះសហរដ្ឋអាមេរិក អាចនឹងហាមឃាត់ការ ផ្ដល់ជំនួយរបស់ខ្លួនសម្រាប់ឆ្នាំ២០១៧ រហូតដល់បណ្ដាប្រទេសទំាងនេះ បំពេញតាមស្ដង់ដា អប្បបរមា ឬក៏បង្កើនកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆំាងនឹងការជួញដូរមនុស្ស។

ដោយឡែកសម្រាប់ កូរ៉េខាងជើង ទីក្រុងវ៉ាស៊ីនតោន នឹងរំាងខ្ទប់ការផ្ដល់មូលនិធី ឬប្រាក់កម្ចី ពីធនាគារ និង ស្ថាប័នរូបិយវត្ថុអន្តរជាតិ ហើយមិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងមិនផ្ដល់ ជំនួយណាមួយដល់ កូរ៉េខាងជើង ទៀតនោះឡើយ។

គួររំលឹកថា កាលពីខែមិថុនា កន្លងទៅ ក្រសួងការបរទេសអាមេរិកបានចាត់ទុក ថាកូរ៉េខាងជើង ជាប្រទេសដ៏អាក្រក់បំផុតមួយនៅក្នុងពិភពលោក ខាងជួញដូរមនុស្សសម្រាប់ ១៤ឆ្នាំជាប់ៗគ្នា ដោយចោទថា ទីក្រុងព្យុងយ៉ាង បានបង្ខំឱ្យមនុស្សធ្វើការទំាងនៅក្នុងស្រុក និង នៅក្រៅប្រទេស៕