(ភ្នំពេញ)៖ តំណាងឱ្យ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ដើម្បីឆ្លើយតបនឹងកំណើន ទេសចរឥតឈប់ឈរ នៅឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួន ២០ម៉ឺននាក់បន្ថែមទៀត (៥ម៉ឺននាក់ក្នុងមួយឆ្នាំ) ខណៈបច្ចុប្បន្ន អ្នកកំពុងបម្រើការងារមានចំនួនតែ ២០ភាគរយ ប៉ុណ្នោះ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការវាយតម្លៃទទួលស្គាល់ការសិក្សាពីមុនរបស់អ្នកជំនាញទេសចរណ៍ នៃសេវាកម្មសណ្ឋាគារ ក្នុងទីស្នាក់ការពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា (NOCC) ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសិក្ខាកាមជាច្រើននាក់។

ក្នុងឱកាសនោះ លោក ប៉ាក់ សុខុម បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា ជាទេសចរណ៍វប្បធម៌ និងធម្មជាតិ បាននិងកំពុងបោះជំហានរីកចម្រើនយ៉ាងខ្លាំងក្លាជាលំដាប់ ដោយរក្សាបាននូវស្ថិរភាពកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណ ១២ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។

លោកបានបន្តថា «ជាចក្ខុវិស័យ កម្ពុជាបាននិងកំពុងអភិវឌ្ឍន៍វិស័យទេសចរណ៍ ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ផ្ដល់ភាពកក់ក្ដៅ និងផ្ដល់បដិសណ្ឋារកិច្ចល្អ ដោយឈរលើទស្សនទាន និងគោលការណ៍ស្អាត និងបៃតង»

លោកថា «ដើម្បីឆ្លើយតបនឹងកំណើនទេសចរ នៅឆ្នាំ២០២០ កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួនប្រមាណ ២០ម៉ឺននាក់បន្ថែមទៀត មានន័យថាត្រូវការជាមធ្យមប្រមាណ ៥ម៉ឺននាក់ក្នុងមួយឆ្នាំ ហើយក្នុងពេលបច្ចុប្បន្ន អ្នកបម្រើការងារមានចំនួនតែ ២០ភាគរយ ប៉ុណ្ណោះ ដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍ តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងវគ្គសិក្សាខ្លី»

លោក ប៉ាក់ សុខុម បានបន្ថែមថា បច្ចុប្បន្ន មានតែសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ខ្លាតតូចមួយចំនួនប៉ុណ្ណោះ ដែលបាននិងកំពុងបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដល់កម្លាំងពលកម្មបានប្រមាណ ១,៧០០នាក់ ក្នុងមួយឆ្នាំ។ មួយវិញទៀត ជាផ្នែកមួយនៃដំណោះស្រាយ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ បង្កើតសាលាជាតិវិជ្ជាជីវៈ ទេសចរណ៍ចំនួន ២កន្លែង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដែលមានសមត្ថកិច្ចបណ្ដុះបណ្ដាលកម្លាំងពលកម្មថ្មីបាន ១,៣០០នាក់ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៩តទៅ។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម  ក៏បានអបអរសាទរផងដែរ ចំពោះសិស្សជំនាញទេសចរណ៍ ផ្នែកសេវាកម្មភោជ្ជនីយដ្ឋានកម្ពុជាចំនួន ២នាក់ របស់សាលាបដិសណ្ឋារកិច្ច និងទេសចរណ៍ PSE ដែលបានទទួលមេដាយឆ្នើមពី «ការប្រកួតជំនាញអាស៊ានលើកទី១១» នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡាស៊ី កាលពីថ្ងៃទី១៩-២៩ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ៕