(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង នឹងចាប់ផ្តើមបំពេញទស្សកិច្ចផ្លូវរដ្ឋជាលើកដំបូង ទៅកាន់ព្រះរាជាណាចក្រកម្ពុជា និង បង់ក្លាដែស ហើយបន្ទាប់ពីបញ្ចប់ដំណើរនៅប្រទេសទាំងពីរ មេដឹកនាំនៃប្រទេសមហាអំណាច ធំជាងគេនៅអាស៊ីរូបនេះ នឹងបន្តដំណើរទៅកាន់ប្រទេស ឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS ដែលមានរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែតុលា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បានថ្លែងនៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា នេះទៀតថា ការបំពេញទស្សនកិច្ចនៅកម្ពុជានេះ គឺតបតាមការអញ្ជើញពីសំណាក់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុន្នី ដោយ លោក ហ្ស៊ី ជីនពីង ប្រធានាធិបតីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣-១៤ ខែតុលា។ ដោយឡែក ដំណើរទៅកាន់ប្រទេស បង់ក្លាដែស វិញ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីលោក Abdul Hamid។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរ លោក ហ្ស៊ី ជីនពីង នឹងបន្តដំណើរទៅកាន់ ទីក្រុង Goa ប្រទេសឥណ្ឌា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS តបតាមការអញ្ជើញរបស់លោក Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា។ កិច្ចប្រជុំកំពូលនេះ គឺនឹងមានមេដឹកនាំប្រទេស ជាសមាជិក BRICS ចូលរួមដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕