(ភ្នំពេញ)៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយទៀតហើយ ដែលជនសង្ស័យម្នាក់បានលោតរត់គេចខ្លួនពីលើរថយន្ដទាំងដៃជាប់ខ្នោះ ខណៈដែលមន្ដ្រីនគរបាលខណ្ឌដង្កោ កំពុងតែដឹកជននោះ ដើម្បីយកទៅកាត់ទោសនៅតុលាការ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត នៅមុខរោងចក្រក្រឡុងស៊ីម៉ង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

មន្រ្ដីនគរបាល បានឲ្យដឹងថា ជនសង្ស័យដែលរត់គេចខ្លួននេះ ពាក់ព័ន្ធនឹងបទល្មើសឆក់ និងគ្រឿងញៀន ហើយនៅពេលនេះមន្ដ្រីនគរបាល កំពុងធ្វើការស្រាវជ្រាវ យ៉ាងដុតដៃដុតជើង ដើម្បីចាប់ខ្លួនជននោះមកវិញ។

មន្ដ្រីដដែល បញ្ជាក់ថា ជនសង្ស័យដែលដឹកយកទៅកាត់ទោស ព្រឹកមិញនេះ មាន៤នាក់ ហើយម្នាក់បានរត់គេចខ្លួន រីឯ៣នាក់ទៀត បានដឹកទៅកាត់ទោសធម្មតា៕