(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល​ នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននឹងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។

ជាក់ស្តែង នៅថ្ងៃ​ទី១០ ខែតុលា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកងរាជអាវុធហត្ថស្រុក បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារស្រីស្នំ និងនៅតាមផ្ទះ ស្ថិតក្នុងឃុំជ្រោយនាងងួន ស្រុកស្រីស្នំ​ ដែលមានចំងាយប្រមាណ៩០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប​។

មន្រ្តីសាខាកាំកុងត្រូល បានឲ្យដឹងថា បន្ទាប់​ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់ នៅតាមបណ្តាតូប​ រួមមាន អំបិល ស្ពៃជ្រក់ សរសៃគុយទាវ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតត្រឹមត្រូវ ហើយពុំបានរកឃើញវត្តមាន សារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid ,Borax នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។

​ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅក្នុងផ្សារ និងនៅតាមផ្ទះមួយចំនួន ស្ថិតនៅខាងក្រៅ នៃផ្សារស្រីស្នំ ជាលទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ ដែលផលិតផលនោះរួមមាន ទឹកក្រូចដបជ័រដបធំ ផលិតនៅប្រទេសថៃ ៦៤ដប និងទឹកក្រូចដបជ័រ ផលិតនៅប្រទេសថៃ ១៦ដប។

ឆ្លៀតឳកាសនោះដែរ ក្រុមការងារក៏​បាន ចែកផ្សាយនូវ រូបភាព Poster និង​ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ ​អ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារ ហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ​។ បន្ថែមពីនេះមន្ដ្រីជំនាញ ក៏បានថ្លែងសរសើរ និងអរគុណ ដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ ​ដោយក្ដីរីករាយ ជាមួយក្រុមការងារ និងបានយល់ដឹងយ៉ាងច្បាស់ អំពីផលប៉ះពាល់បណ្តាលមកពី ផលិតផលខូចគុណភាព ដោយបានស្ម័គ្រចិត្ត ផ្តល់ដល់ក្រុមការងារ នូវផលិតផលខូចគុណភាពទាំងអស់នោះ៕