(ភ្នំពេញ)៖ បន្ទាប់ពីការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលផ្លាស់ប្តូរ និងពន្យារបណ្ណបើកបរនៅលើផ្សារទំនើបអ៉ីនអនហើយនោះ ដើម្បីសម្រួលការផ្តល់សេវាលើការ ត្រួតពិនិត្យបច្ចេកទេសរថយន្តឲ្យកាន់តែងាយស្រួល និងឆាប់រហ័ស ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦នេះ បានដាក់ឲ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេស យានយន្តចល័ត និងបង្ហាញពីការប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យនេះផងដែរ។

ពិធីដាក់ឲ្យដំណើរការម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេស យានយន្តចល័តនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្រ្តីត្រូវបានគេប្រសិទ្ធនាមថា «រដ្ឋមន្រ្តីពោរពេញដោយការច្នៃប្រឌិត ដើម្បីប្រសិទ្ធភាពការងារ»។ ពិធីនេះធ្វើឡើងនៅមណ្ឌល ត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តសាខាទី១ (ចំការដូង) ស្ថិតនៅតាមបណ្តោយ ផ្លូវ២១៧ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រសួងសាធារណការ បានបញ្ជាក់ថា ការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្តចល័តនេះ គឺដើម្បីបង្ខិតសេវាសាធារណៈ ឲ្យកាន់តែជិតប្រជាពលរដ្ឋ បង្កភាពងាយស្រួល ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការចំណាយផ្សេងៗ។

ម៉ាស៊ីននេះ នឹងធ្វើការចល័តគ្រប់ ២៥ខេត្ត-ក្រុង ដើម្បីឲ្យប្រជាពលរដ្ឋយកយានយន្តរបស់ខ្លូន ទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេស បានគ្រប់ៗគ្នា នៅក្នុងបណ្តាខេត្តដែលខ្លូនរស់នៅ ដោយមិនចាំបាច់ធ្វើដំណើរមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅរាជធានីភ្នំពេញដូចពេលមុនទៀតឡើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ធ្លាប់បានបញ្ជាក់ថា ម៉ាស៊ីនត្រួតពិនិត្យបច្ចេកទេសយានយន្តចល័តនេះ គឺមានសមត្ថភាពខ្ពស់ក្នុងការ ត្រួតពិនិត្យ ហើយលឿនថែមទៀតផងផង។ បើតាមលោក ស៊ុន ចាន់ថុល នៅពេលរថយន្តដែលត្រូវត្រួតពិនិត្យ បើកចូលក្នុងរថយន្ត ត្រួតពិនិត្យនេះ ទៅនឹងពិនិត្យឃើញទាំងអស់ពីបញ្ហារបស់រថយន្ត៕