(ម៉ានីល)៖ អង្គការសុខភាពពិភពលោក WHO​​ បានព្រមាននៅថ្ងៃចន្ទនេះថា វីរុស Zika អាចនឹងរីករាលដាល ក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភនៅក្នុងទ្វីបអាស៊ី ខណៈការឆ្លងរាប់រយករណីត្រូវបានគេរាយការណ៍នៅក្នុង ប្រទេសសិង្ហបុរី ហើយករណីទារកពីរនាក់កើតមានក្បាលតូចខុសពីធម្មតា ជាប់ពាក់ព័ន្ធនឹងវីរុសមួយនេះក៏ត្រូវ បានគេអះអាងផងដែរនៅក្នុងប្រទេសថៃ។ នេះតាមការចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ផ្អែកលើរបាយកាណ៍មួយចេញផ្សាយដោយ WHO នៅក្នុងកិច្ចប្រជុំថ្នាក់តំបន់ប្រចំាឆ្នាំនៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីននៅថ្ងៃចន្ទនេះ វីរុស Zika​ អាចនឹងបន្តរីករាលដាលខ្លំាង នៅតាមប្រទេសមួយចំនួនក្នុងតំបន់ អាស៊ីដូចជា ចិន ជប៉ុន អូស្ត្រាលី រួមទំាងបណ្ដាប្រទេសជាច្រើនទៀត នៅតំបន់អាស៊ីអាគ្នេយ៍ និង តំបន់ប៉ាស៊ី ហ្វិក។ ដោយឡែកជុំវិញបញ្ហានេះដែរ នាយកអង្គការ WHO​ លោកស្រី Magaret Chan​ បានឱ្យដឹងថាការឆ្លង វីរុស Zika​ ច្រើនជាង ៤០០ ករណី ត្រូវបានគេរាយការណ៍នៅសិង្ហបុរី ខណៈប្រទេសវៀតណាម ហ្វីលីពីន និង ម៉ាឡេស៊ី សុទ្ធតែបានរកឃើញករណីឆ្លងវីរុស Zika​​ ដែលឆ្លងតាមរយៈសត្វមូស យ៉ាងហោចណាស់២០ករណី នៅក្នុងប្រទេសរបស់ពួកគេ។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក ប្រទេសចំនួន ៧០​​​​នៅទូទំាងពិភពលោក មានករណីឆ្លងវីរុស ដោយក្នុងនោះមានប្រទេស ចំនួន១៩ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕