(ហៃទី)៖ អង្គការសហប្រជាជាតិ​ (UN) នៅថ្ងៃចន្ទនេះ បានអំពាវនាវរកថវិកា ចំនួន ១១៩លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយសង្គ្រោះជីវិតមនុស្ស ចំនួន ៧៥០,០០០នាក់ នៅតំបន់ភាគខាងត្បូងឆៀងខាងលិច ប្រទេសហៃទី ដែលរងផលប៉ះពាល់ ដោយព្យុះកំបុតត្បូង Matthew វាយប្រហារដោយផ្ទាល់។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។

ថវិកាទាំងនោះ នឹងយកមកប្រើប្រាស់ដើម្បីផ្តល់ជាអាហារ, ទឹកស្អាតសម្រាប់ផឹក និងជម្រក ទៅកាន់ជនដែលរងគ្រោះខ្លាំង បន្ទាប់ពីផលដំណាំកសិកម្មមួយផ្នែកធំ ត្រូវបានបំផ្លេញបំផ្លាញ ហើយហេដ្ឋារចនាសម្ព័ន្ធ បានរងការខូចខាត កាលពីសប្តាហ៍មុន។ នេះបើតាមអង្គការ UN បានឲ្យដឹងនៅក្នុងសេចក្តីអំពាវនាវ ស្វែងរកជំនួយ​រយៈពេល០៣ខែមួយ សម្រាប់ប្រទេសហៃទី ដែលស្ថិតនៅតំបន់ Caribbean មួយនេះ។

«ព្យុះកំបុតត្បូង Matthew បានបង្កឲ្យមានវិបត្តិមនុស្សធម៌ធំជាងគេបំផុត នៅក្នុងប្រទេសហៃទី ចាប់តាំងពីមានគ្រោះរញ្ជួយដី ក្នុងឆ្នាំ២០១០ ស្របពេលដែលប្រទេសមួយនេះ បាននឹងកំពុងប្រឈមមុខ នឹងការកើនឡើងនៃជំងឺអាសន្នរោគ, អសន្តិសុខស្បៀងអាហារ និងកង្វះអាហាររូបត្ថម្ភ»។ នេះបើតាមសេចក្តីអំពាវនាវរបស់ UN បានបញ្ជាក់យ៉ាងដូច្នេះ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ចំនួនអ្នកដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសហៃ ដោយសារតែការវាយប្រហាររបស់ព្យុះ​ ​Matthew បានកើនឡើងដល់ ១,០០០នាក់ហើយ​៕