(ហាណូយ)៖ ប្រទេសវៀតណាម ដែលកំពុងតែមានភាពល្បីល្បាញ ខាងនាំចេញផ្លែឈើច្រើនប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិនោះ បានចំណាយថវិកាជាងកន្លះពាន់លានដុល្លារអាមេរិក ដើម្បីចាំចូលផ្លែឈើ ពីបរទេសមកវិញ ជាពិសេសប្រទេស ថៃ និង ចិន នៅរយៈពេល ៨ខែដំបូងនៃឆ្នាំ២០១៦ ដោយសារតែ ប្រជាជនភាគច្រើនអស់ទំនុកចិត្តលើផលិតផលក្នុងស្រុក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

តាមតារាងស្ថិតិនៃពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថា នៅអំឡុងខែមករា-សីហា នៃឆ្នាំ២០១៦ នេះ ប្រទេសវៀតណាម ទទួលបានចំណូលពីការនាំចេញបន្លែ-ផ្លែឈើ ចំនួនជាង ១ពាន់លានដុល្លារអាមេរិក ប៉ុន្តែចំណូលនេះ ត្រូវបានចំណាយទៅវិញចំនួន ៥២៩លានដុល្លារ ដើម្បីទិញផ្លែឈើពីបរទេស មកផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលចំនួននេះមានការកើនឡើង ៣៦.៩ភាគឯណោះ ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គួរបញ្ជាក់ថា ប្រទេសវៀតណាម បាននាំចូលផ្លែឈើពីប្រទេសតំបន់អាស៊ី ចំនួន ១២ ធំៗ ក្នុងនោះប្រទេសថៃ ឈរលេខរៀងទី១ ស្មើនឹង ២១៨.៨លានដុល្លារ និង ចិនឈរលេខរៀងទី២ ស្មើនឹង ១២៥.២លានដុល្លារ។ ការទិញផ្លែឈើពីបរទេសវិញនេះ ក៏ព្រោះតែប្រជាជនក្នុងស្រុក បាត់បង់ទំនុក ចិត្តលើផ្លែឈើ និងបន្លែក្នុងស្រុក ដោយសារតែបន្លែ-ផ្លែឈើ ទាំងនោះ ផ្ទុកទៅដោយសារធាតុគីមីច្រើនពេក៕