(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានហៅអតីតប្រធានាធិបតី បារាំងលោក ឆាល ដឺ ហ្គោល ដែលបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញកាលពី ៥០ឆ្នាំមុនថា ជារដ្ឋបុរសដ៏វិសេសវិសាលមួយរូប និងមានចក្ខុវិស័យដ៏វែងឆ្ងាយ។

ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ឆាល ដឺ ហ្គោល មកកាន់រាជធានីភ្នំពេញរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៦៦ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏ល្បីរន្ទឺមួយនៅក្នុងពិភពលោក គ្រាដែលប្រមុខរដ្ឋកម្ពុជា គឺព្រះបរមរតន កោដ្ឋ នរោត្តម សីហនុ បានប្រកាន់យកនូវនយោបាយអព្យាក្រឹត និងបានប្រាប់ឲ្យអាមេរិកបញ្ចប់សង្គ្រាមនៅឥណ្ឌូចិន។

ដើម្បីរំលឹកទៅដល់ព្រឹត្តិការណ៍ដ៏ល្បីរន្ទឺកាលពី៥០ឆ្នាំមុននោះ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ ក្រសួងការបរទេសកម្ពុជា រួមនិងស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានរួមគ្នាប្រារព្ធពិធីអបអរសាទរខួបលើកទី ៥០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់លោក ឆាល ដឺ ហ្គោល។ ពិធីអបអរសាទរនេះ ត្រូវបានធ្វើឡើងនៅក្រសួងការបរទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន លោក ហ្សង់-ក្លូត ពាំបឺហ្វ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងលោក Jacques Godfrain ប្រធានមូលនិធី ឆាល ដឺ ហ្គោល ព្រមទាំងសមាជិករដ្ឋសភា ព្រឹទ្ធសភា និងសមាជិក សមាជិកា រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីរំលឹកខួប ៥០ឆ្នាំ នៃដំណើររបស់លោក ឆាល ដឺ ហ្គោល មកកាន់កម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា ពិធីនេះ មិនគ្រាន់តែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការរំឭកដល់ឥស្សរជនដ៏ឆ្នើមបំផុតមួយរូប មហាបុរសមួយរូប ក្នុងចំណោមមហាបុរសដ៏ល្បឺរន្ទឺបំផុតទាំងអស់ ដែលជានិច្ចកាលបន្សល់ទុកនូវកេរ្តិ៍ដំណែល ដែលព្រឹត្តិការណ៍ជាច្រើនបន្តបន្ទាប់ មិនអាចលុបបំបាត់បាន។

លោកទេសរដ្ឋមន្រ្តី ក៏បានរំលឹកពីខ្លឹមសារ នៃសុន្ទរកថារបស់លោកប្រធានាធិបតី ឆាល ដឺ ហ្គោល ដែលបានថ្លែងនៅពហុកីឡដ្ឋានជាតិ អូឡាំពិកកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ផងដែរ។ ការថ្លែងសុន្ទរកថា របស់លោក ឆាល ដឺ ហ្គោល នាពេលនោះត្រូវបានគេអះអាង ថា មានអ្នកចូលរួមស្តាប់សុន្ទរកថារបស់លោករហូតដល់ទៅជាង ១០ម៉ឺននាក់។

ក្នុងសុន្ទរកថា របស់លោក ឆាល ដឺ ហ្គោល បានគាំទ្រយ៉ាងពេញទំហឹងចំពោះនយោបាយអព្យាក្រឹតរបស់សម្តេច នរោត្តម សីហនុ ក្នុងការចេញពីសង្រ្គាមនៅឥណ្ឌូចិន។ នៅក្នុងសុន្ទរកថានៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៦៦ លោក ឆាល ដឺ ហ្គោល បានថ្លែងថា «ប្រទេសរបស់ព្រះអង្គ ទទួលបានជោគជ័យក្នុងការការពារខ្លួនទាំងផ្លូវកាយ ផ្លូវចិត្ត ពីព្រោះប្រទេសរបស់ព្រះអង្គ ស្ថិតនៅជាម្ចាស់ ក្នុងដែនដីរបស់ខ្លួន»

លោក ប្រាក់ សុខុន ក៏បានរំលឹកផងដែរ ពីការជំរុញរបស់លោកប្រធានាធិបតីបារាំង ឆាល ដឺ ហ្គោល នៅក្នុងឆ្នាំ១៩៥៩ ឲ្យប្រធានាធិបតី អាមេរិក ឧត្តមសេនីយ៍ Eisenhower កុំឲ្យបន្តការលូកដៃចូលជួយវៀតណាមខាងត្បូង ទោះពេលនោះមិនទាន់ខ្លាំងក្លានៅឡើយក៏ដោយ។ លោក ឆាល ដឺ ហ្គោល បានផ្តល់អនុសាសន៍នេះ ជាថ្មីម្តងទៀត ទៅកាន់ប្រធានាធិបតី Kennedy ដែលបានអនុញ្ញាតឲ្យមានការបាចថ្នាំគីមី បំផ្លាញព្រៃឈើនៅឥណ្ឌូចិន ហើយបន្ទាប់មកទៀត ទៅកាន់លោកប្រធានាធិបតី Johnson ដែលបានបញ្ជាឲ្យទម្លាក់គ្រាប់បែកទៅលើ វៀតណាមខាងជើង ដោយលោកបានទស្សន៍ទាយជាច្រើនឆ្នាំមុនបរាជ័យរបស់អាមេរិកថា ប្រឈមមុខនឹងមនសិកាជាតិនិយមរបស់ ប្រជាជនមួយប្រកបដោយភាពប្តូរផ្តាច់ កងទ័ពដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក មិនអាចទទួលជ័យជំនះបានទេ។

លោក ឆាល ដឺ ហ្គោល បានបន្តថា «គ្មានផ្លូវទេ ដែលប្រជាជននៃទ្វីបអាស៊ី ត្រូវដាក់ក្រោមច្បាប់បរទេស មកពីត្រើយម្ខាងទៀត នៃមហាសមុទ្រប៉ាស៊ីហ្វិក ទោះបីជាមានបំណងយ៉ាងណាក៏ដោយ»

លោក ប្រាក់ សុខុន បានបង្ហាញពីការចងចាំរបស់លោកជាពិសេសនូវប្រយោគដ៏ខ្លីមួយនៃសុន្ទរកថាប្រវត្តិសាស្រ្តរបស់លោក ឆាល ដឺ ហ្គោល «យើងត្រូវតែទុកឱ្យប្រជាជននានា ចាត់ចែងជោគវាសនាផ្ទាល់របស់ពួកគេ ដោយពួកគេផ្ទាល់»។ លោក ប្រាក់ សុខុន ថា សារនេះបានក្លាយទៅជាគោលការណ៍សំខាន់មួយនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេស។

លោក ប្រាក់ សុខុន បានបន្តថា ប្រសាសន៍របស់ឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល ពីអតីតកាលគួរតែជំរុញលើកទឹកចិត្តដល់សង្គមមនុស្ស នាពេលបច្ចុប្បន្ន។ លោក ប្រាក់ សុខុន បានចាត់ទុកសម្តីរបស់ឧត្តមសេនីយ៍ ឆាល ដឺ ហ្គោល មានភ្ជាប់ជាមួយនូវទស្សនៈទាន នៃទំនាក់ទំនងអន្តរជាតិ ដែលត្រូវបានប្រើពីព្រឹត្តិការណ៍មួយទៅមួយ និងពីជំនាន់មួយទៅមួយ។

ស្របពេលជាមួយការប្រារព្ធពិធីរំលឹកខួប ៥០ឆ្នាំ នៃដំណើរទស្សនកិច្ចរបស់លោក ឆាល ដឺ ហ្គោលនេះ នៅរសៀលថ្ងៃ១០ ខែតុលា ដដែលនេះ នឹងមានការសម្ពោធការតាំងពិព័រណ៍រូបថតរបស់ទស្សនាវដ្តី Paris Match នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្តីពីដំណើរទស្សនកិច្ចរបស់លោក ឆាល ដឺ ហ្គោល។ រូបថតទាំងនេះនឹងដាក់បង្ហាញចាប់ពីថ្ងៃទី១០ ខែ តុលា ដល់ថ្ងៃទី១០ ខែ វិច្ឆិកា។

រូបថតទាំងនេះ ក៏នឹងត្រូវយកទៅដាក់តាំងពិព័រណ៍នៅព្រលានយន្តហោះអន្តរជាតិសៀមរាបពីថ្ងៃទី១៥ ខែវិច្ឆិកា ដល់ថ្ងៃទី ១៥ ខែធ្នូ បន្តទៀត។ ការតាំងពិព័រណ៍ឯកសារបណ្ណសារ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី១១ តុលា នៅសាលមហោស្រពចតុមុខដើម្បីបង្ហាញថ្វាយ ព្រះមហាក្សត្រព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី។ បន្ទាប់មកឯកសារទាំងនោះនឹងត្រូវដាក់ពិព័រណ៍បង្ហាញ នៅវិទ្យាស្ថានភាសា បារាំងចាប់ពីថ្ងៃទី១២ តុលាតទៅ៕