(សេអ៊ូល)៖ នាវាដឹកយន្តហោះចម្បាំង ដែលប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដ៏ធំជាងគេរបស់អាមេរិក ត្រូវបានបញ្ជូនមកកាន់ដែនសមុទ្រកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធយោធាជើងទឹករួមគ្នាមួយ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃចន្ទនេះ ហើយការធ្វើសមយុទ្ធនេះ ដែរ កើតឡើងនៅអំឡុងពេល ដែលភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំងពីរ នឹងកូរ៉េខាងជើងនៅតែបន្ត កើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា នាវាដឹកយន្តហោះចម្បាំងអាមេរិកឈ្មោះថា «USS Ronald Reagan» ត្រូវបានបញ្ជូនមកក្នុងដែនទឹកនៃប្រទេស កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុង សមយុទ្ធយោធា «Invincible Spirit 2016» រួមគ្នារវាងអាមេរិកនឹងកូរ៉េខាងត្បូង ដែលគ្រោងនឹង ប្រព្រឹត្តទៅ រហូតដល់ថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងទៀតថា ការធ្វើសមយុទ្ធរួមគ្នានេះ គឺជាលើកទីមួយហើយ នៅលើផ្ទៃសមុទ្រទាំងបីជុំវិញប្រទេស កូរ៉េខាងត្បូង ហើយវាត្រូវបានចូលរួម ដោយនាវាចម្បាំងអាមេរិក ចំនួន០៧គ្រឿង រួមជាមួយនឹងនាវាចម្បាំង, យន្តហោះចម្បាំង, យន្តហោះល្បាតដែនសមុទ្រ, និងឧទ្ធម្ភាគចក្ររបស់ កូរ៉េខាងត្បូង ដែលមានចំនួនសរុប ៤០គ្រឿងផងដែរ។

គួរបញ្ជាក់ដែរថា ការធ្វើសមយុទ្ធយោធានេះ គឺចំពេលដែលមានការព្រួយបារម្ភ អំពីសកម្មភាពញុះញង់ នានា ដែលអាចនឹងធ្វើឡើងដោយ កូរ៉េខាងជើង នៅថ្ងៃទី១០ ខែតុលានេះ ដែលជាទិវាគំរប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េ ហើយនៅក្នុងឱកាសនៃទិវាគំរប់ខួបមួយចំនួននៅ កូរ៉េខាងជើង ដែលតែងកើតមាននូវសកម្មភាពនានា ដូចជាការបាញ់មីស៊ីល និងបំផ្ទុះគ្រាប់នុយក្លេអ៊ែរ ជាដើម៕