(សេអ៊ូល)៖ ​ក្រសួងការពារជាតិកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃចន្ទនេះថា យោធារបស់ខ្លួននឹងធ្វើការ វាយប្រហារទៅលើប្រទេស កូរ៉េខាងជើង ភ្លាមៗ នៅក្នុងករណីដែលមានការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរពីសំណាក់ របបដឹកនំាទីក្រុង ព្យុងយ៉ាង។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនំាពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Moon Sang-​kyun បានលើកឡើងថា «ការវាយប្រហារការពារខ្លួន អាចនឹងត្រូវធ្វើឡើងភ្លាមៗ បើសិនជាកូរ៉េខាងជើង ប្រើប្រាស់អាវុធ នុយក្លេអ៊ែរ វាយប្រហារមកលើទីក្រុងសេអ៊ូល»។  ការលើកឡើងបែបនេះ របស់លោក Moon Sang-kyun ធ្វើឡើងនៅចំពេលដែលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងសេអ៊ូល កំពុងធ្វើ សមយុទ្ធយោធារួមគ្នា នៅឯតំបន់សមុទ្រឧបទ្វីបកូរ៉េ ខណៈទីក្រុងព្យុងយ៉ាង ក៏កំពុងប្រារព្ធខួបលើកទី ៧១ឆ្នាំ នៃថ្ងៃបង្កើតគណបក្សពលករកូរ៉េ នៅថ្ងៃចន្ទនេះ។

ម្យ៉ាងវិញទៀត ការរំលឹកពីការប្រើប្រាស់កម្លាំងយោធាទៅលើទីក្រុងព្យុងយ៉ាង ក៏ត្រូវបានគេលើកឡើង ផងដែរ នៅឯសហរដ្ឋអាមេរិក នៅក្រោយពេល កូរ៉េខាងជើង បានបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ កាលពីថ្ងៃ ទី០៩ ខែកញ្ញា កន្លងទៅនេះ។ យ៉ាងណាក៏ដោយ ការប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹង កូរ៉េខាងជើង ធ្លាប់ត្រូវបានរដ្ឋាភិបាលកូរ៉េខាងត្បូងមុនៗ ជំទាស់ជាដាច់ខាត ព្រោះថាវានឹងនំាឱ្យ ឧបទ្វីបកូរ៉េ ធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសាជាថ្មី។

គួររំលឹកតានសម្តីមន្ត្រីយោធា កូរ៉េខាងត្បូង ម្នាក់ បានឱ្យដឹងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កូរ៉េខាងជើង បានត្រៀមខ្លួនជាស្រេច ដើម្បីបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ជាថ្មីម្ដងទៀត ដោយនៅរង់ចំាតែបញ្ជាពីលោក គីម ជុងអ៊ុន តែប៉ុណ្ណោះ៕