(ភ្នំពេញ)៖ ដោយមានការអញ្ជើញ ពីស្ថានីយទូរទស្សន៍ PNN កំពូលតារាភាពយន្តល្បីល្បាញ ប្រចាំប្រទេសថៃចំនួន២រូប គឺលោក James Jirayu និងកញ្ញា Bella Ra​nee កាលពីរសៀ​ល​ថ្ងៃទី០៩ ខែតុលាឆ្នាំ២០១៦ បានធ្វើដំណើរមកដល់ប្រទេ​ស​​កម្ពុជា ហើយខណៈអ្នកគាំទ្រជាច្រើនបា​នសម្តែង ការអប់អរសារទជាមួយវត្តមាន របស់តារាប្រុស-ស្រី​ទាំង២រូបខាងលើនេះ។

ការបង្ហាញវត្តមាន របស់តារាប្រុស-ស្រីទាំង២ដួង នៅលើទឹកដីប្រទេសកម្ពុជា នាពេល​នេះ បាន​ធ្វើ​ឡើង តាមរយៈការអញ្ជើញ ពីសំណាក់ស្ថានីយទូរទស្សន៍ PNN នៃព្រះរាជណាចក្រកម្ពុ ជាក្នុងគោលបំណង ដើម្បីជួបផ្ទាល់ជាមួយប្រិយមិត្ត អ្នកគាំទ្ររបស់ខ្លួនជាច្រើន នៅកម្ពុជា ក៏ដូចជាការបង្ហាញវត្តមានសម្តែង និងច្រៀងសប្បាយ ផងដែរ។

ថ្លែងក្នុងជំនួបជាមួយ ប្រិយមិត្តនារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ម្សិលមិញ​ នៅផ្សា​ទំ​នើបអ៉ីអន តារាភាព​យន្តក្នុងរឿងភាគថៃ កញ្ញា Bella Ra​nee និង​លោក James Jirayu បានសម្តែ​ងក្តីរំភើបរីករាយ​ខ្លាំ​ង ​ពេលដែលបា​ន​មកដល់ប្រទេសកម្ពុជា។ ពិសេសគឺទទួលបានការស្វាគមន៍ ​និង​គាំទ្រយ៉ាងកក់​ក្តៅ​ ពីសំណាក់ទស្សនិក​ជនរបស់ខ្លួន នៅ​កម្ពុជារាប់ពាន់នាក់ ខណៈការទទួ​លស្វាគមន៍នេះ ក៏​ជាកំលាំងចិត្តសម្រាប់ ពួកគេផងនោះ។

កញ្ញា Bella Ra​nee និង​លោកJames Jirayu បានថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយ​រីករាយខ្លាំ​ង​ពេលទទួលបានការស្វាគមន៍ ពីសំណាក់ទស្សនិកជន និងមិត្តៗយុវវ័យនៅកម្ពុជា។​ពិសេសគឺ​មា​នការទទួលរាក់ទាក់ ពីទស្សនិកជនយ៉ាងច្រើន ចាប់តាំងពីព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតមកដល់ផ្សារទំនើបអ៉ីអន ដែលការគាំទ្រនេះ គឺជាការផ្តល់កំលាំងចិត្ត ដ៏ធំធេងបំផុតសម្រាប់ពួកខ្ញុំ នៅលើទឹកដី នៃប្រទេសកម្ពុជា!»

ក្រៅពីជំនួបជាមួយ​ មិត្តអ្នកគាំទ្ររបស់ខ្លួនជាច្រើនពាន់នាក់​នេះ បានធ្វើឡើ​ងនៅ​ផ្សា​​​រទំនើ​ប​អ៉ីអនតារាក្នុង ដួងចិត្តមិត្តយុវវ័យ រួចមក កញ្ញា Bella Ra​nee និង​លោកJames Jirayu ក៏បាន​ផ្តល់កិត្តិ​យ​ស លេងហ្គេម និងបកស្រាយនូវបទចម្រៀងយ៉ាងពីរោះ បង្កបរិយាកា​សសប្បា​យរីក​រាយ មានសំឡេងស្រែកហ៊ោកញ្ជ្រៀវផ្អើលពេញ ផ្សាទំនើបអ៉ីអនផងដែរ។

សូមបញ្ជាក់ថា ដំណើរមកដល់របស់ កញ្ញា Bella Ra​neeនិង​លោក James Jirayu គឺតបតាមកា​រអញ្ជើញរបស់ស្ថានីយ ទូរទស្សន៍ភីអិនអិ​ន ដើម្បីចូលរួមក្នុងក​ម្ម​វិធី «វេទិកាតារាថៃប្រចាំPNN 20​16» ក្រោយពីមានការសំណូមពរ យ៉ាងច្រើនពីសំណាក់​ប្រិយមិត្តកម្ពុជា មកកាន់ភីអិនអិន៕