(ភ្នំពេញ)៖ ជនសង្ស័យពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន៦នាក់ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ សហការ​ជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀ​ប ឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតបានថ្នាំញៀន៥កញ្ចប់ និងម៉ូតូ៣គ្រឿង នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ចំណុចលើកំណាត់ផ្លូវជាតិលេខ៦A​ ស្ថិតក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ​។

លោក ឯក សេរីវុធ អធិការរង ទទួលផែនព្រហ្មទណ្ឌខណ្ឌ​ បានឲ្យដឹងថា ក្រោយទទួលបានផែនការណែនាំ ពីថ្នាក់លើក្នុងការយាមល្បាត ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដោយសហការជាមួយកម្លាំងតាមបណ្ដាប៉ុស្ដិ៍ ក្នុងមូលដ្ឋានដើម្បីរក្សាសន្តិសុខសុវត្ថភាពផ្សេងៗ នៅពេលរាត្រី ហើយឈានដល់ដាក់ការសង្ស័យលើបក្ខពួកជនសង្ស័យ៦នាក់ ដែលជិះបើកម៉ូតូ៣គ្រឿង ឆ្លងកាត់ផ្លូវជាតិលេខ៦A ទើបសមត្ថកិច្ច ធ្វើការឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែបានរកឃើញក្រាមពណ៍សថ្លា ជាថ្នាំញៀនដែលក្រុមទាំងនេះ បានរក្សាទុកដើម្បីយក​ទៅប្រើប្រាស់ ហើយកម្លាំងដកហូតម៉ូតូ៣គ្រឿង​ រួមមាន ទី១-Honda Dream C១២៥ ពណ៌ខ្មៅ ឆ្នាំ២០១២ គ្មានស្លាកលេខ ទី២-ម៉ាក Smas ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កំពង់ចាម:1A-7865 និងទី៣-Honda Dream C១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ កំពង់ចាម:1L-4491។

លោកអធិការរង បានបញ្ជាក់ថា ជនសង្ស័យ​ទី១-ឈន សុណ្ណារិទ្ធ អាយុ២១ឆ្នាំ មុខរបរកាប់ជ្រូក ​ទី២-ឈ្មោះ អុន ប៉ារី អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ទី៣-ឈ្មោះ ស្រៀន លុច្យ​ អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ​ទី៤-ឈ្មោះ ផា ឡា​ អាយុ២៤ឆ្នាំ មុខរបរជាងផ្សារដែក ជនសង្ស័យទាំង៤នាក់ ស្នាក់នៅភូមិរលាក់ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទី៥-ឈ្មោះ លឹម អេង អាយុ២៥ឆ្នាំ ​ទី៦-ឈ្មោះ​ លឹម សុខអូន​ អាយុ២២ឆ្នាំ ជនសង្ស័យទាំង២នាក់​​ មានមុខរបរជាកម្មករសំណង់ ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ​។

បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕