(ភ្នំពេញ)៖ ពលករ-ពលការិនីខ្មែរ ចំនួន០២នាក់ ដែលបានធ្វើការនៅប្រទេសម៉ាឡេស៊ី បានធ្វើដំណើរវិលត្រលប់មកកម្ពុជាដោយ សុវត្ថិភាពហើយ ក្រោយមានការជួយអន្តរាគមន៍ពី ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ផ្សព្វផ្សាយឲ្យដឹងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦នេះ។

ពលករទី១ ឈ្មោះ ន.ម អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តស្ទឹងត្រែង បានធ្វើដំណើរតាមរថយន្ត តាមប្រទេសថៃទៅម៉ាឡេស៊ី កាលពីខែឧសភា ឆ្នាំ២០១៦ និងធ្វើការជាអ្នកឈូសឈើ។ ដោយសារការងារលំបាកពេក ពលករបានទៅស្ថានទូត នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ស្នើជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។ អង្គការសម្ព័ន្ធចាប់ដៃ បានទិញសំបុត្រយន្តហោះ ហើយស្ថានទូតបានចេញថ្លៃបង់ ពិន័យឲ្យការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី សម្រាប់ពលករ។  

ចំណែកពលការិនី ឈ្មោះ ម.ស.ជ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយខ្លួនឯង ជាលើកទី២ កាលពីខែមករា ឆ្នាំ២០១៥ នៅហាង Spa មួយកន្លែង។ ដោយសារការងារលំបាកពេក នាងបានទៅស្ថានទូត នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៦ ស្នើសុំជួយទាមទារប្រាក់ខែ ដែលនៅសល់ និងជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។
ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត នៅថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៦ ថៅកែរបស់ពលការិនី បានយល់ព្រមប្រគល់ប្រាក់ខែដែលនៅ សល់ឲ្យនាងគ្រប់ចំនួន។

ពលករ-ពលការិនីទាំងពីរនាក់ បានមកដល់ព្រលានយន្តអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ០៧៖៣៥នាទីព្រឹក តាមជើងយន្តហោះលេខ AK 536 ។  

គួរបញ្ជាក់ថា ក្នុងអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់អ្នកទាំងពីរផងដែរ៕