(បាងកក)៖ យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយព្រះរាជវាំងថៃបានឲ្យដឹងថា សុខភាព របស់ព្រះមហាក្សត្រថៃព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលស្ថិតក្នុងព្រះជន្ម ៨៨វស្សានោះ កំពុងស្ថិតនៅក្នុងស្ថានភាព «មិននឹងនរ» នោះឡើយបន្ទាប់ពីទើបទទួល បានការព្យាបាលដោយការ លាងឈាមក្នុងតម្រងនោមរួចមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃសៅរ៍សប្តាហ៍មុនព្រះបាទ ភូមិបាល អាឌុលយ៉ាដេត បានទទួល ការលាងឈាមក្នុងតម្រងនោម ពីក្រុមគ្រូពេទ្យ ដើម្បីសម្អាតឈាម ដែលមានជាតិពុលចេញ ហើយ ចាប់ពីពេលនោះមក សម្ពាធឈាមរបស់ព្រះអង្គ បានធ្លាក់ចុះជា លំដាប់ ប្រការហេតុនេះហើយ ក្រុមវេជ្ជបណ្ឌិតប្រចាំរាជវាំង ក៏បានថ្វាយឱសថ និងបានដាក់ម៉ាស៊ីនជំនួយដង្ហើមដើម្បីធ្វើឲ្យសម្ពាធ ឈាមរបស់ព្រះអង្គ វិលមករកសភាពដើមវិញ។

សេចក្តីថ្លែងការខាងលើ បានលើកទៀតថា ក្រុមគ្រូពេទ្យកំពុងតែធ្វើការតាមដានយ៉ាងដិតដល់ ចំពោះស្ថានភាពរបស់ព្រះអង្គ ហើយបានបញ្ជាក់ថា «ស្ថានភាពរបស់ព្រះអង្គមិនទាន់មានភាពនឹងនរ វិញនៅឡើយនោះទេ»

គួរបញ្ជាក់ដែរថា ដោយសារតែមានវ័យចាស់ជរា និងសុខភាពទ្រុឌទ្រោមផងនោះ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត របស់ប្រទេសថៃ ធ្លាប់ទទួលការព្យាបាលជំងឺជាច្រើនមុខ និងជាច្រើនលើកច្រើនសារ ណាស់មកហើយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហើយព្រះអង្គ បានចំណាយពេលភាគច្រើន ស្នាក់នៅឯមន្ទីរពេទ្យ សិរីរាជ្យ ក្នុងទីក្រុងបាងកក ដែលត្រូវបានគេចាត់ទុកថា ដូចជារាជដំណាក់ របស់ព្រះអង្គទៅហើយ៕