(ហៃទី)៖ ចំនួនអ្នកដែលបានបាត់បង់ជីវិតនៅក្នុងប្រទេសហៃ ដោយសារតែការវាយប្រហាររបស់ព្យុះកំណាច Hurricane Matthew បានឈានដល់ ១,០០០នាក់ហើយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ ខណៈរដ្ឋាភិបាលក៏ដូចជាប្រជាជនរបស់ប្រទេសដែលខ្សត់ខ្សោយមួយនេះ កំពុងព្យាយាមប្រយុទ្ធតស៊ូជាមួយ ជំងឺអាសន្នរោគដែលកំពុងតែរាតត្បាតនៅទូទាំងប្រទេសផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០១៦។

ខណៈសាកសពមនុស្សដ៏ច្រើនកំពុងត្រូវបានបញ្ចុះ សន្ធឹកសន្ធាប់នោះ តួលេខបូកសរុបនៃចំនួនអ្នកស្លាប់ ដែលទទួលបានមកពីអាជ្ញាធរប្រចាំតំបន់ បានបង្ហាញឲ្យឃើញថា មនុស្សចំនួន ១,០០០នាក់ ត្រូវបានសម្លាប់ដោយសារខ្យល់ព្យុះ Matthew នៅហៃទី ដែលជាប្រទេសដែលក្រីក្រជាងគេ នៅក្នុងទ្វីបអាមេរិក។

គួរបញ្ជាក់ដែរថា ខ្យល់ព្យុះ Hurricane Matthew ដែលជាព្យុះដ៏សាហាវជាងគេ នៅក្នុងអំឡុងពេលជិតមួយទសវត្សរ៍មកនេះ បានបកបក់មកលើប្រទេសហៃទី កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយមានកម្លាំងខ្យល់ដល់ទៅ ២៣០គីឡូម៉ែត្រក្នុងមួយនាំ នឹងបាននាំយកមកជាមួយ នូវភ្លៀងធ្លាក់ដ៏ជោគជាំទៀតផង៕