(ភ្នំពេញ)៖ ការលេងប្រកបដោយស៊ីសង្វាក់គ្នា និងគ្រប់គ្រងបាល់រហូតដល់ ៦២ភាគរយ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា យកឈ្នះក្រុមភ្ញៀវស្រីលង្កា ៤-០ ក្នុងមិត្តភាពអន្តរជាតិដែលទើបបញ្ចប់មុននេះបន្តិច។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកនារាត្រីអាទិត្យ ទី០៩ ខែតុលានេះ ក្រុមកីឡាករកម្ពុជា មិនបានធ្វើឲ្យអ្នកទស្សនាផ្ទាល់ប្រមាណ ៥ម៉ឺនអស់សង្ឃឹមឡើយ ដោយបានបំបែកសំណាញ់ទីស្រីលង្កា ២-០ ក្នុងវគ្គទី១ នៅនាទីទី២ និងនាទីទី៤១ ដោយកីឡាករ ស្រឿយ វិសាល និង ធារី ចន្ថាប៊ីន ដោយតែតបញ្ចូលទីដូចគ្នា។

កម្ពុជា នៅតែបន្តដាក់សម្ពាធទៅលើក្រុមដែលស្ថិតក្នុងទ្វីបអាស៊ីដូចគ្នាស្រីលង្កាដដែលក្នុងវគ្គទី២ រហូតរកបាន២គ្រាប់ទៀត នៅនាទីទី៦៩ និងនាទីទី៩០ ពីការស៊ុតបញ្ចូលទីដោយកីឡាករ កែវ សុខផេង ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាតគ្នា ជាខ្លាំងរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។

នេះជាមិត្តភាពអន្តរជាតិចុងក្រោយរបស់កម្ពុជា ដែលត្រៀមប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នៅពហុកីឡដ្ឋានជាតិនាថ្ងៃទី១៥ តុលា ដោយត្រូវជួបឡាវ ប្រ៊ុយណេ និងទីម័រខាងកើត៕