(ភ្នំពេញ)៖ បន្ទាប់ពីមានករណីជនសង្ស័យ២នាក់ ប្លន់យកម៉ូតូ១គ្រឿងម៉ាក ស៊ុយស៊ុយគីនិច កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ នៅម្តុំស្ថានីយ៍បូមទឹក តាមបណ្តោយផ្លូវទំនប់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចអាវុធហត្ថខណ្ឌព្រែកព្នៅ សហការណ៍ជាមួយអាវុធហត្ថខណ្ឌឬស្សីកែវ និងកម្លាំងជំនាញការិយាល័យបទល្មើស ព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដុតដៃដុតជើង ស្រាវជ្រាវរកមុខសញ្ញាអស់រយៈពេលមួយថ្ងៃមួយយប់ រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់នោះបាននៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ និងបានដកហូតម៉ូតូ ដែលពួកវាប្លន់បាន ប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ម៉ើ ណាសៀត និង រឿន វីរៈ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូន ទៅតុលាការ នារសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦ ទន្ទឹមនឹងនោះ ក៏មានចោរពីរនាក់ផ្សេងទៀត ត្រូវបានអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការកសាងសំណុំរឿងបញ្ជូនទៅតុលាការជាមួយគ្នាផងដែរ ដោយម្នាក់ជាចោរស្រីក្លាហាន មានឈ្មោះ ស៊ីម សុខលាភ អាយុ៣៥ឆ្នាំ មុខរបរជាកម្មកររោងចក្រ បានចូលទៅប្លន់ទ្រព្យសម្បត្តិ ជនរងគ្រោះដែលមានមុខរបរ លក់ដូរ នៅក្នុងផ្ទះជួល ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យបានយក អង្រែបុកគ្រឿងសំពងជនរងគ្រោះ ត្រូវ៥អង្រែត្រង់ក្បាលបណ្តាលឲ្យរងរបួសជាទម្ងន់ ត្រូវបានឃាត់ខ្លួនភ្លាមនៅហ្នឹង កន្លែងកើតហេតុ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ និងចោរម្នាក់ទៀតឈ្មោះ អូន ម៉ៅ អាយុ២៣ឆ្នាំ ត្រូវបានឃាត់ខ្លួន ពីបទលួចម៉ូតូមួយគ្រឿង ម៉ាក ZOOMER-X ពីផ្ទះលេខ១៩D ផ្លូវ១៩៤ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវឃាត់ខ្លួនបាននៅផ្លូវលេខ២១៥ កែង១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា ដោយកម្លាំងអាវុធហត្ថខណ្ឌ៧មករា រីម៉ូតូដែលជនសង្ស័យបានលួច ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនម្ចាស់ដើមវិញផងដែរ។

ជាមួយនោះដែរ ការិយាល័យបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន ៦នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះផងដែរ មន្ត្រីជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី០៦នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន។

ជនសង្ស័យទាំង០៦នាក់នេះត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវនិងបង្ក្រាបបានកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៦៖០០នាទី នៅផ្ទះលេខ៩ME ផ្លូវបេតុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះផងដែរកម្លាំងអាវុធហត្ថ បានធ្វើការដកហូតវត្ថុតាងជាច្រើនរួមមាន៖
* ម្សៅក្រាមសរថ្លាចំនួន៣៤កញ្ចប់( ធំ១,ធំល្មម១៧,តូច១៦)។
* ជញ្ជីងថ្លឹងគ្រឿងញៀន២
* ដបជក់គ្រឿងញៀននិងថង់ច្រកមួយចំនួន៕