(វ៉ាស៊ីនតោន)៖ បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលគេស្គាល់តាមរយៈការប្រើពាក្យសម្ដីគំរោះគំរើយ​ នៅពេលនេះពាក្យគំរោះគំរើយរបស់លោក ចាប់ផ្ដើមជះឥទ្ធិពលអវិជ្ជមានជាបណ្ដើរហើយ ខណៈលោកកំពុងត្រូវបានគេរិះគន់យ៉ាងខ្លំាង ដោយសារការប្រើពាក្យសម្ដីមិនសមរម្យ ទៅលើស្រី្តនៅក្នុងវីដេអូមួយថតនៅឆ្នាំ២០០៥​ ដែលត្រូវសារព័ត៌មានក្នុងស្រុកបង្ហោះកាលពីពេលថ្មីនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik​ នៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៦។

នៅបន្ទាប់ពីមានរឿងអាស្រូវវីដេអូក្លីបនេះកើតឡើង​ ក្រុមថ្នាក់ដឹកនំាគណបក្សសាធារណៈរដ្ឋបានបង្ហាញក្ដីព្រួយបារម្ភរបស់ពួកគេ ដោយខ្លាចក្រែងវាអាចនឹងធ្វើឱ្យធ្លាក់ចុះការគំាទ្រ ដោយក្នុងនោះរហូតដល់មានអ្នកខ្លះ ដូចជា លោក John Thune បានស្នើឱ្យលោក Donald Trump ដកខ្លួនពីបេក្ខភាពប្រធានាធិបតី ដើម្បីទុកដំណែងនេះឱ្យទៅបេក្ខភាពអនុប្រធានាធិបតីរបស់លោកផ្ទាល់ គឺលោក Mike Pence។ លើសពីនេះទៅទៀត សូម្បីតែលោក John McCain ដែលជាអតីតបេក្ខភាពប្រធានាធិបតី នៃគណបក្សសាធារណៈរដ្ឋ និងអតីតអភិបាលរដ្ឋ California លោក Arnold Schwarzenegger, ​រួមទំាងលោកស្រី Condoleezza Rice ជាអតីតរដ្ឋមន្រ្តីការបរទេសអាមេរិក សុទ្ធតែបញ្ជាក់ថា ពួកគេនឹងមិនបោះឆ្នោតឱ្យលោក Donald Trump ឡើយ។

សូមជំរាបថា បើតាមសារព័ត៌មាន Politico ក្រុមមេធាវីនៃគណបក្សសាធារណរដ្ឋ បានចាប់ផ្ដើមសិក្សាលើមូលដ្ឋានច្បាប់ ដើម្បីអាចជំនួសលោក Donald Trump ដោយបេក្ខជនផ្សេងម្នាក់ទៀត តាមរយៈការអនុវត្តច្បាប់លេខ៩ ដែលចែងពីការតែងតំាងបេក្ខជនប្រធានាធិបតីសម្រាប់កន្លែងទំនេរ។ ក៏ប៉ុន្តែទោះជាយ៉ាង លោក Donald Trump នៅតែប្រកាន់ជំហរថា លោកនឹងមិនដកខ្លួនពីការប្រកួតប្រជែងនេះជាដាច់ខាត ហើយម្យ៉ាងវិញទៀត វាក៏មិនអាចទៅរួចដែរ ព្រោះថាសន្លឹកឆ្នោតត្រូវបានបោះពុម្ពរួចទៅហើយ រីឯការដកលោក Trump នៅត្រូវតែមានការភាពឯភាពគ្នាជាឯកច្ឆន្ទផងដែរ៕