(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានសម្រេចកោះហៅក្រុមអាជីវករ គណៈកម្មការផ្សារសាមគ្គីស្ទឹងត្រែង ព្រមទាំងអ្នកព័ត៌មានផងដែរ ដើម្បីពិភាក្សាគ្នាដោះស្រាយបញ្ហា ខ្វែងគំនិតគ្នា លើការបែងចែកតូប រាន ទូ នៅក្នុងទីតាំងផ្សារ ដែលកំពុង សាងសង់ថ្មី។ ក្រោយការពិភាក្សាដោះស្រាយមានក្រុមអាជីវករ ប្រមាណ ៧៨.៦០ភាគរយ ហើយបានព្រមទទួលយកគោលការណ៍ បែងចែកតូប រាន ទូ ថ្មីនេះ។

ផ្សារសាមគ្គីក្នុងក្រុងស្ទឹងត្រែង កាលពីអំឡុងខែមេសា ឆ្នាំ២០១៦ ពោលមុនពេលចូលឆ្នាំខ្មែរ តែប៉ុន្មានថ្ងៃនោះ ត្រូវបានអគ្គីភ័យឆាបឆេះ អស់ទាំងស្រុង។ ក្រុមអាជីវករក្នុងផ្សារសរុប ៦៦៨នាក់ បានខាតបង់ទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារ។

ក្រោយការឆាបឆេះនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏បានកៀរគរសប្បុរសជននានា ជួយសាងសង់ផ្សារ និងសង់តូប រាន ទូ ជូនអាជីវករឡើងវិញទាំងស្រុង។ មកដល់បច្ចុប្បន្ននេះ ផ្សារត្រូវបានសាងសង់ឡើងវិញ ដោយក្រុមកងកម្លាំងវិស្វកម្មជិតរួច រាល់ជាស្ថាពរហើយ។

បើទោះបីជាផ្សារត្រូវបានសាងសង់ជូនដោយសម្តេចតេជោ ហើយគោលការណ៍ នៃការបែងចែកតូប រាន ទូ គឺប្រគល់ទៅតាមទីតាំង និងទំហំតូប ចាស់ក៏ដោយ តែមានក្រុមអាជីវករមួយចំនួនមិនទាន់បានឯកភាពលើការបែងចែកតូប រាន ទូ នៅឡើយ។ ការមិនឯកភាពនេះដោយសារការ បែងចែងតូប រាន ទូ ក្នុងផ្សារថ្មីនេះ តម្រូវឲ្យអាជីវករមួយចំនួនត្រូវរើទីតាំងតូប រាន និងទូ ព្រោះតែសណ្ឋានផ្សារថ្មី មានសភាពតូចជាងផ្សារចាស់បន្តិច ជាហេតុធ្វើឲ្យការបែងចែងតូប ខុសពីទីតាំងតូបនៅក្នុងផ្សារចាស់ ប៉ុន្តែតូប រាន និងទូ មានទំហំប្រហាក់ប្រហែលនឹងតូប រាន និងទូ មុនពេលផ្សារឆេះ។

ដើម្បីដោះស្រាយបញ្ហា លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង នៅថ្ងៃ ចុងសប្តាហ៍នេះ បានកោះហៅក្រុមអាជីវករផ្សារ និងគណៈកម្មការផ្សារ ដោយមានការក្រុមអ្នកព័ត៌មានផងដែរ ដើម្បីដោះស្រាយ បញ្ហាដែលនៅសេសសល់។

ក្នុងជំនួបទល់មុខគ្នារវាងក្រុមអាជីវករ និងគណៈកម្មការផ្សារ លោក ម៉ុម សារឿន បានផ្តល់ឱកាសឲ្យអាជីវករ និងគណៈកម្មការផ្សារឡើង បកស្រាយម្តងម្នាក់ៗពីបញ្ហារបស់ពួកគេ ហើយបានផ្តល់ឲ្យមានការសួរដេញដោលពីក្រុមអ្នកព័ត៌មានផងដែរ ដើម្បីជម្រះឲ្យអស់មន្ទិល។

លោក ម៉ែន គុង នាយករងរដ្ឋបាលសាលាខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ក្រោយពី ការស្តាប់ការបកស្រាយពីគណៈកម្មការរៀបចំផ្សារ បានធ្វើឲ្យមានការយល់គ្នាច្រើន ហើយមានអាជីវករ ៥២៥នាក់ ស្មើនិង៩៤០តូប រាន និងទូ បានឯកភាពតាមគោលការណ៍នៃការបែងចែកតូប រាន និងទូ ថ្មីនេះ។

លោក ម៉ែន គុង បន្តថា អាជ្ញាធរខេត្ត ក៏ដូចជាគណៈកម្មការផ្សារ នឹងប្រឹង ប្រែងពិភាក្សារកដំណោះស្រាយបន្តទៀត ជាមួយអាជីវករ ដែលមិនទាន់ទទួលយកគោលការណ៍បែងចែកតូប រាន និងទូ ធ្វើយ៉ាងណាឲ្យទទួលបានពីគ្រប់ភាគីក្រោមស្មារតីយោគយល់គ្នា៕