(ភ្នំពេញ)៖ ​ឧកញ៉ាដ៏ល្បាញល្បីមួយរូបនៅកម្ពុជា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះ បានរៀបចំពិធីខួបកំណើតកូនស្រីដែលមានអាយុគម្រប់មួយខួប បានចំណាយលុយធ្វើជាកាដូសំរាប់ចែក ជូនភ្ញៀវដែលអញ្ជើញចូលរួម និងចែកបុគ្គលិករបស់ក្រុមហ៊ុនសរុបជាង២០មុឺនដុល្លារ​ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល បុរីពិភពថ្មី។

ពិធីជប់លៀងខួបកំណើតកូនស្រីរបស់លោកឧកញ៉ាហុង ពីវនេះក៏បានការអញ្ជើញចូលរួមជាកិត្តិយសពីលោកស្រី ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន និងថ្នាក់ដឹកនាំជាច្រើនរូប ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសថ្ងៃខួបកំណើតកូនស្រីរបស់ ឧកញ៉ា ហុង ពីវ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦នេះដែរ ឧកញ៉ា និងឧត្តមភរិយា បានអញ្ជើញចូលក្រាបថ្វាយ បង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានរាជានុញ្ញាត​ ដើម្បីថ្វាយតង្វាយថវិកាចំនួន​១០មុឺនដុល្លារ និងអង្ករចំនួន៦០០តោន នៅព្រះបរមរាជវាំង។

លុះនៅរសៀលថ្ងៃដដែល លោកឧកញ៉ា ក៏បានរៀបចំពិធីចែកអង្ករសែនក្រអូប ដល់ប្រជាពលរដ្ឋ ក្រីក្រដែលកំពុងជួបការ ខ្វះខាតក្នុងជីវភាព នៅទីតាំងក្រុមហ៊ុនបុរីពិភពថ្មី បន្ទាប់ពីបញ្ជាទិញអង្ករចំនួន៦០០០តោនបន្ថែមទៀត ក្នុងតម្លៃប្រមាណជាង ៣លានដុល្លារ ពីធនាគារស្រូវ ខេត្តបាត់ដំបង តាមរយៈការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News៕